
នៅព្រឹកថ្ងៃអង្គារនេះ ក្រុមជួយសង្រ្គោះ បានរុករកតាមគំនរកម្ទេចកម្ទីអគារ ដើម្បីស្វែងរកអ្នករស់រាននៅមន្ទីរពេទ្យកុមារធំបំផុតរបស់អ៊ុយក្រែន ស្ថិតក្នុងទីក្រុងគីវ រយៈពេល ១ថ្ងៃក្រោយរងការវាយប្រហារដោយមីស៊ីលនៅទូទាំងប្រទេសដែលបានសម្លាប់មនុស្សយ៉ាងហោច ៤១នាក់ និងមនុស្សរាប់សិបនាក់ផ្សេងទៀត រងរបួស ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយថា រុស្ស៊ី បានបាញ់មីស៊ីលជាង ៤០គ្រាប់ ដោយមានគោលដៅលើទីក្រុងជាច្រើន ហើយនិងបានបំផ្លិចបំផ្លាញហរដ្ឋារចនាសម្ព័ន្ធ អគារពាណិជ្ជកម្ម និងអគាររស់នៅរបស់អ្នកស្រុក ។
ក្រុមអាជ្ញាធរ និយាយថា មីស៊ីលរុស្ស៊ី បានវាយប្រហារមន្ទីរពេទ្យនៅមិនឆ្ងាយប៉ុន្មានពីតំបន់ភាគកណ្តាលទីក្រុងគីវ កាលពីវេលាម៉ោង ១០ព្រឹក ម៉ោងក្នុងស្រុក ថ្ងៃចន្ទ ។ ផ្នែកដ៏ធំនៃអគារកម្ពស់ ២ជាន់មានបន្ទប់វិទ្យាសាស្រ្តសិក្សាជាតិពុល បានរាបដល់ដី ខណៈដែលបង្អួចបានបែកគ្មានសល់នៅអគារធំកម្ពស់ ១១ជាន់ស្ថិតនៅក្បែរនោះ ។

វិមានក្រឹមឡាំង និយាយថា វាគឺជាការបាញ់ប្រឆាំងមីស៊ីលរបស់អ៊ុយក្រែន មិនមែនរុស្ស៊ីនោះទេ ដែលបានត្រូវមន្ទីរពេទ្យកុមារនៅក្នុងទីក្រុងគីវ កាលពីថ្ងៃចន្ទ ។
លោក Dmitry Peskov គឺជាអ្នកនាំពាក្យវិមានក្រឹមឡាំង ពុំបានផ្តល់ភស្តុតាងនោះទេ ដើម្បីគាំទ្រអំណះអំណាងរបស់ខ្លួន ប៉ុន្តែលោកបាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ពួកគេពុំបានវាយប្រហារលើគោលដៅស៊ីវិលនោះឡើយ ៕