
ដោយត្រូវបានគេស្គាល់ថា ជាឆ្នេរដ៏បរិសុទ្ធ និងកន្លែងដ៏ស្ងប់ស្ងាត់ ម៉ាល់ឌីវគឺជាប្រទេសតូចបំផុត នៅក្នុងទ្វីបអាស៊ី ដែលលាតសន្ធឹងលើផ្ទៃដីត្រឹមតែ ៣០០គីឡូម៉ែត្រក្រឡា នៅទូទាំងកោះចំនួន ១.១៩២។ តែទោះបីជាមានទំហំតូចក៏ដោយ ក៏ទីតាំងយុទ្ធសាស្ត្ររបស់ប្រជុំកោះ នៅមហាសមុទ្រឥណ្ឌា ពោលគឺតាមបណ្តោយខ្សែទឹកដឹកជញ្ជូនសំខាន់ៗ បានធ្វើឲ្យប្រទេសនេះនៅចំកណ្តាលនៃជម្លោះភូមិសាស្ត្រនយោបាយ រវាងចិន និងឥណ្ឌា។
ហើយក្រៅពីចិន និងឥណ្ឌា សហរដ្ឋអាមេរិកក៏បានដើរចូលមកពាក់ព័ន្ធដែរ ដោយរដ្ឋមន្ត្រីការបរទេសលោក Antony Blinken បានហៅប្រទេសកោះនេះថា ជាដៃគូសំខាន់នៅឥណ្ឌូប៉ាស៊ីហ្វិកនៅដើមខែនេះ។

នៅពេលដែលមហាអំណាចធំៗប្រជែងគ្នាដណ្តើមឥទ្ធិពលនៅក្នុងតំបន់ ម៉ាល់ឌីវកំពុងធ្វើដំណើរឆ្លងកាត់ទិដ្ឋភាពដ៏ស្មុគស្មាញ ដោយធ្វើឲ្យមានតុល្យភាពឱកាសសេដ្ឋកិច្ចជាមួយនឹងសម្ពាធនយោបាយ។
ទោះបីជាប្រទេសម៉ាល់ឌីវមានទំនាក់ទំនងការទូតយ៉ាងជិតស្និទ្ធ ជាមួយឥណ្ឌាជាយូរយារណាស់មកហើយក៏ដោយ ក៏ការវិនិយោគសេដ្ឋកិច្ចថ្មីៗរបស់ចិន គឺជាផលប្រយោជន៍សម្រាប់ប្រទេសជាតិ។ ដូច្នេះ វាជារឿងចាំបាច់ខ្លាំងណាស់ដែលប្រទេសនេះ ត្រូវពិចារណាឲ្យបានល្អិតល្អន់ ក្នុងស្ថានភាពប្រជែងឥទ្ធិពលរបស់ប្រទេសមហាអំណាចទាំងនោះ៕
