ចិន៖ ប្រទេសចិនកាលពីថ្ងៃអង្គារ ទី២៤ ខែសីហាបានលើកយកបញ្ហាការដកទ័ពដ៏វឹកវរ របស់អាមេរិកចេញពីអាហ្វហ្គានីស្ថានជាឧទាហរណ៍មួយ នៃគោលនយោបាយការបរទេសអាត្មានិយមរបស់ក្រុងវ៉ាស៊ីនតោន ដោយវាយបកវិញចំពោះការចោទប្រកាន់របស់អនុប្រធានាធិបតី លោកស្រី Kamala Harris ពីការគំរាមកំហែងនៅក្នុងដែនទឹកតំបន់អាស៊ី។

ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី លោកស្រី Harris បានផ្តោតលើទីក្រុងប៉េកាំងចំពោះការអះអាង “សិទ្ធិភាគច្រើននៅសមុទ្រចិនខាងត្បូង” ថាជាដែនទឹករបស់ខ្លួន ខណៈដែលលោកស្រីបានព្យាយាមធានាដល់សម្ព័ន្ធមិត្តក្នុងតំបន់ អំពីការប្តេជ្ញាចិត្តរបស់អាមេរិកចំពោះអាស៊ី និងក្នុងចំណោមផ្លូវច្បាប់អន្តរជាតិ។ អនុប្រធានាធិបតីអាមេរិករូបនេះបាននិយាយនៅក្នុងសុន្ទរកថារបស់លោកស្រីថា យើងដឹងថា ''ទីក្រុងប៉េកាំងនៅតែបន្តបង្ខិតបង្ខំបំភិតបំភ័យ និងអះអាងសិទ្ធិភាគច្រើននៅសមុទ្រចិនខាងត្បូង"។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយតបវិញដោយចោទប្រកាន់សហរដ្ឋអាមេរិកថា បានលាក់ខ្លួននៅពីក្រោយវោហារសាស្ត្រ នៃសណ្ដាប់ធ្នាប់សកលឈរលើមូលដ្ឋានច្បាប់ ដើម្បីការពារ “ការសម្លុតគំរាមកំហែងឥរិយាបថធ្វើអនុត្តរភាព” របស់ខ្លួន។ លោក Wang បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅទីក្រុងប៉េកាំងថា “ព្រឹត្តិការណ៍បច្ចុប្បន្ននៅអាហ្វហ្គានីស្ថានប្រាប់យើងយ៉ាងច្បាស់ថា ច្បាប់ និងសណ្ដាប់ធ្នាប់ដែលអាមេរិកនិយាយគឺជាអ្វី”។ ទីក្រុងប៉េកាំងនៅតែបើកដំណើរការស្ថានទូតរបស់ខ្លួននៅរដ្ឋធានីកាប៊ុល និងព្យាយាមរក្សាទំនាក់ទំនងមិត្តភាពជាមួយក្រុមតាលីបង់៕
អត្ថបទ៖ សុខមាន