ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីត្រួតពិនិត្យ និងពង្រឹងប្រសិទ្ធភាពការអនុវត្តការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ នៅអង្គភាពច្រកចេញចូលតែមួយ និងការរិយាល័យច្រកចេញចូលតែមួយតាមក្រុងស្រុកទាំង០៧ ។ កិច្ចប្រជុំនេះ បានរៀបចំឡើងនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីអង្គភាពច្រកចេញចូលតែមួយ អភិបាលក្រុងស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ និងមន្ទីរ អង្គភាពពាក់ព័ន្ធសរុបប្រមាណ១៥០នាក់ ។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំនេះ ឯកឧត្តម ខូយ រីដា បានសង្កត់ធ្ងន់លើចំនុច២ធំៗ ទី១ គឺស្ថាប័នពាក់ព័ន្ធនានាត្រូវខិតខំយកចិត្តទុកដាក់ពន្លឿនការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័សពិសេសបញ្ហាចុះបញ្ជីដីធ្លី ការលក់ ការទិញ ការផ្ទេរមរតកដីធ្លីពីឪពុក ម្តាយ ទៅកូននិងពីកូនទៅឪពុក ម្តាយ ពីបងទៅប្អូន ពីប្អូនទៅបងជាដើម ដែលកន្លងមកមានភាពយឺតយ៉ាវ ។ ទី២គឺ ការស្នើរសុំកែ សំបុត្រកំណើត ដែលមានខុសឈ្មោះ ខុសកន្លែងកំណើត និងខុសទិន្នន័យផ្សេងៗរបស់ប្រជាពលរដ្ឋ ដោយឯកឧត្តម ខូយ រីដា បានសម្រេចបង្កើតក្រុមការងារពិសេសមួយ ដើម្បីជួយសម្រួល និងពន្លឿនការងារនេះជូនប្រជាពលរដ្ឋ ដោយមានឯកឧត្តម លាង ពេជ្រ សមាជិកក្រុមប្រឹក្សាខេត្តជាអ្នកទទួលបន្ទុក ។

នៅពេលទទួលបាន ការស្នើរសុំកែសំបុត្រកំណើត ឬអត្តសញ្ញាណប័ណ្ណ ពីប្រជាពលរដ្ឋតាមបណ្តាភូមិ ឃុំ ក្រុង ស្រុក ហើយក្នុងករណីដែលមន្ត្រីអត្រានុកូលដ្ឋាន មិនអាចកែតម្រូវបាន ក្រុមការងារនឹងជួយសម្របសម្រួលបងប្អូនក្នុងការដាក់ពាក្យសុំទៅសាលាដំបូងខេត្ត ដើម្បីចេញសេចក្តីសម្រេច បង្គាប់មកមន្ត្រីអត្រានុកូលដ្ឋានឱ្យកែតម្រូវ ។ បន្ថែមលើនោះសម្រាប់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ក្រុមការងារនឹងជួយឧបត្ថម្ភថ្លៃធ្វើដំណើរ ។
បើតាម លោក ផាត់ សុផល ប្រធានអង្គភាពច្រកចេញចូលតែមួយខេត្តពោធិ៍សាត់ បានជម្រាប់ជូនថា រយៈពេល៦ខែ ក្នុងឆ្នាំ២០២៤នេះ អង្គភាពច្រកចេញចូលតែមួយខេត្តពោធិ៍សាត់ បានផ្តល់សេវាសរុបចំនួន៨៩៥៤មុខសេវា ក្នុងនោះការផ្តល់សេវារដ្ឋបាលលើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង មានចំនួន៤៥៨៩មុខសេវា ដោយផ្តល់លទ្ធផលសម្រេចចំនួន២៨៦៤មុខសេវា និងកំពុងដំណើរការមានចំនួន១៧២៥មុខសេវា ក្នុងនោះបញ្ហាប្រឈមដូចជា មានភាពយឺតយ៉ាវលើមុខសេវា លើការចុះបញ្ជីការផ្ទេរកម្មសិទ្ធ (ទិញ-លក់ ,អំណោយ , ការធ្វើសន្តតិកម្ម )៕ អត្ថបទ និងរូបភាព ៖ ភិរុណ ពៅ



