
ការិយាល័យរបស់ខ្លួន បាននិយាយថា នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោក Han Duck-soo បានជំរុញឲ្យមានវិធានការគ្រប់យ៉ាង នៅថ្ងៃអង្គារនេះ ដើម្បីកាត់បន្ថយការខូចខាតបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង នាពេលថ្មីៗនេះ។
យោងតាមទីភ្នាក់ងារអាកាសធាតុរបស់រដ្ឋបានដឹងថា ភ្លៀងរដូវវស្សា បានជន់លិចមួយភាគធំនៃប្រទេសនេះ ដោយបណ្តាលឲ្យមនុស្សម្នាក់ បាត់ខ្លួន ហើយផ្ទះសម្បែង និងផ្លូវជាច្រើន ត្រូវបានលិចទឹក នៅក្នុងតំបន់ភាគខាងត្បូង។

លោក Han បាននិយាយថា ភ្លៀង ត្រូវបានគេព្យាករថា នឹងបន្តធ្លាក់កាន់តែខ្លាំងឡើង ចាប់ពីល្ងាចថ្ងៃអង្គារនេះ ហើយបានណែនាំក្រសួងពាក់ព័ន្ធ និងរដ្ឋាភិបាលក្នុងតំបន់ឲ្យបន្តតាមដានតំបន់ ដែលមានហានិភ័យខ្ពស់នៃបំណាក់ដី និងរៀបចំវិធានការជម្លៀសជាមុន។
លោកក៏បានស្នើឲ្យពួកគេ គ្រប់គ្រងយ៉ាងតឹងរ៉ឹងនូវការចូលទៅកាន់តំបន់ដែលមានហានិភ័យខ្ពស់ ពិនិត្យមើលប្រព័ន្ធជម្លៀសសម្រាប់ផ្លូវក្រោមដី ផ្ទះល្វែងពាក់កណ្តាលបន្ទប់ក្រោមដី និងចំណតក្រោមដី និងធានាការចែករំលែកព័ត៌មានត្រឹមត្រូវ និងការជម្លៀសជាមុនសម្រាប់តំបន់នៅជាប់ផ្លូវទឹកហូរ។