ភ្នំពេញ៖ មុខសញ្ញាចាស់ឆក់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ត្រូវកម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌធ្វេីការឃាត់ខ្លួន។ ប្រតិបត្តិការនេះធ្វើឡើងវេលាម៉ោង០២និង៥០នាទី ទាបភ្លឺ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ ត្រង់ចំណុចផ្ទះសំណាក់យីហោ ដូងមាសថ្មី ផ្លូវលេខ០៣ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្រោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់ថ្នាក់ដឹកនាំ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែនបានសហការគ្នាជាមួយលោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញនាយកដ្ឋាន បានការធ្វេីការឃាត់ខ្លួនជនសង្ស័យ
បានចំនួន៤នាក់ និងដកហូតវត្ថុតាងមួយចំនួន។
នគរបាលបានឲ្យដឹងថា ជនសង្ស័យទាំង០៤ នាក់មានឈ្មោះ ទី១៖ឈ្មោះ ថៃ បញ្ញា ហៅ ភុច ភេទប្រុស អាយុ១៩ឆ្នាំ ។ទី២៖ឈ្មោះ ស៊ី សុភ័ក្រ ហៅ តេង ភេទប្រុស អាយុ១៨ឆ្នាំ ។ទី៣៖ឈ្មោះ រ៉េត វិរះ ហៅ ឆ្កែ ភេទប្រុស អាយុ១៧ឆ្នាំ ។ និងទី៤៖ឈ្មោះ យ៉ាន់ ឧត្តម ហៅ ភេទប្រុស អាយុ២១ឆ្នាំ ។
ក្នុងរង្វង់ប្រតិបត្តិការកម្លាំងនគរបាលបានដកហូតរួមមាន៖ ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HI-3204(របស់ជនសង្ស័យ) និងម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1KS-5724(របស់ជនសង្ស័យ)។
បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងត្រូវបាននគរបាលឃាត់និងកសាងសំណុំរឿង បញ្ជូន ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕ អត្ថបទ ៖ កុម្ភះ




