ភ្នំពេញ ៖ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៩ ខែ កក្កដា ឆ្នាំ២០២៤នេះ បានបើកយុទ្ធនាការ អនុវត្តគម្រោង “មេធាវីដល់មូលដ្ឋាន” នៅសាលាខណ្ឌទួលគោក ក្រោមអធិបតីភាព ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា លោក ជា ពិសី អភិបាលខណ្ឌទួលគោក និង មានការចូលរួមពីសំណាក់ មន្ត្រីការិយាល័យចំណុះរដ្ឋបាលខណ្ឌ មន្ត្រីនគរបាល មេបញ្ជាការខណ្ឌ ក្រុមប្រឹក្សាសង្កាត់ទាំង ១០ មេភូមិទាំងអស់ក្នុងខណ្ឌទួលគោកសរុប ជាង ៣០០នាក់ ។
ឯកឧត្តម លី ចន្ទ័តុលា បានថ្លែងថាគម្រោងនេះ មានគោលបំណងសំខាន់ចំនួន៤គឺ ទី១) ផ្សព្វផ្សាយអំពីវិជ្ជាជីវៈមេធាវី ទី២) ផ្សព្វផ្សាយ និងពង្រឹងសេវាការពារក្តីជូនជនក្រីក្រដោយមិនយកកម្រៃ ទី៣) ផ្សព្វផ្សាយអំពីសេវាពិគ្រោះយោបល់ដោយឥតគិតកម្រៃជូនប្រជាពលរដ្ឋ និងទី៤) បណ្តុះបណ្តាលអំពីច្បាប់ជាមូលដ្ឋានក្នុងវិស័យព្រហ្មទណ្ឌ និងវិស័យរដ្ឋប្បវេណី។ ឯកឧត្តមបន្តថា តាមរយៈគម្រោងនេះ គ្រូបង្គោលទាំងអស់បានផ្សព្វផ្សាយអំពីវិជ្ជាជីវៈមេធាវី និងច្បាប់មូលដ្ឋានទៅដល់ថ្នាក់ដឹកនាំ ភូមិ ក្រុមប្រឹក្សាឃុំ សង្កាត់ មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ និងគណៈអភិបាល ក្រុង ស្រុក ខណ្ឌ នៅតាមមូលដ្ឋានទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកពង្រឹង សមត្ថភាពរបស់អាជ្ញាធរមូលដ្ឋាននិងអ្នកអនុវត្តច្បាប់ គុណភាពនិងស័ក្តិសិទ្ធភាពនៃការអនុវត្តច្បាប់ និងពង្រឹងវិស័យយុត្តិធម៌តាមរយៈការផ្តល់ជំនួយផ្នែកច្បាប់ដល់ជនក្រីក្រដោយមិនយកកម្រៃ។
ឯកឧត្តម បន្ថែមថា ក្រុមអាជ្ញាធរទាំងអស់ គឺជាអ្នកធ្វើកិច្ចការងារផ្ទាល់ជាមួយនឹងប្រជាពលរដ្ឋ ជាអ្នកទទួលនូវសំណូមពរក៏ដូចជាតម្រូវការរបស់ប្រជាពលរដ្ឋ ក្រោយពីបានធាតុចូលពីគម្រោងនេះទៅ ពួកគាត់អាចចូលរួមដោះស្រាយបញ្ហានិងសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងវិស័យច្បាប់រដ្ឋប្បវេណី ក្នុងវិស័យព្រហ្មទណ្ឌ ពិសេសអត្រានុកូលដ្ឋាន ការលែងលះលះ ការបែងចែកមរតក ជាដើម ដោយមានប្រសិទ្ធភាព និងឆាប់រហ័ស។
ឯកឧត្តម លី ច័ន្ទតុលា បាបញ្ជាក់បន្ថែម នៅក្នុងការអនុវត្តន៍គម្រោងមេធាវីដល់មូលដ្ឋាននេះ គណៈមេធាវីក៏បានទទួលនូវការគាំទ្រពីសំណាក់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយបានស្នើរសំឱ្យអាជ្ញាធររាជធានី ខេត្ត ក៏ដូចជាគណៈមេធាវី សហការគ្នា នៅក្នុងការរៀបចំ នូវការបណ្តុះបណ្តាលនេះ។ យោងទៅតាមផែនការ បន្ទាប់ពីគម្រោងមេធាវីដល់មូលដ្ឋាននៅក្នុងខណ្ឌទួលគោក ជាបន្តគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា គ្រោងនិងរៀបចំធ្វើជាបន្តនៅក្នុងខណ្ឌមួយចំនួននៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ធំផងដែរ។
គួរបញ្ជាក់ថា នៅក្នុងរយៈពេល៨ឆ្នាំចុងក្រោយនេះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានចូលរួមចំណែកយ៉ាងច្រើននៅក្នុងការដោះស្រាយបញ្ហា ពិសេសនៅក្នុងវិស័យព្រហ្មទណ្ឌ ជូនទៅដល់ប្រជាពលរដ្ឋ ដែលមានអ្នកពាក់ព័ន្ធជាង៧ម៉ឺននាក់បានទទួលនូវសេវាជំនួយផ្នែកច្បាប់ផងដែរ៕ អត្ថបទ ៖ សូដាវណ្ណ







