
យ៉ាងហោចមនុស្សចំនួន ៦នាក់ បានបាត់បង់ជីវិត ដោយសារជំងឺសុរិយរោគ (អាការសន្លប់ដោយសារក្ដៅខ្លាំង) នៅទីក្រុងតូក្យូ ខណៈដែលប្រទេសជប៉ុនប្រឈមនឹងអាកាសធាតុក្ដៅខ្លាំង ដោយសារមានរលកកម្ដៅដ៏កម្រ នៅក្នុងរដូវវស្សា ដែលជំរុញឲ្យអាជ្ញាធរចេញការព្រមានសុខភាពជាបន្តបន្ទាប់យ៉ាងច្របូកច្របល់។
គួរបញ្ជាក់ថា នៅចុងសប្តាហ៍នេះ តំបន់ Shizuoka ភាគកណ្តាល បានក្លាយជាតំបន់ដំបូងគេ ក្នុងប្រទេសជប៉ុន ដែលឃើញសីតុណ្ហភាពឡើងដល់ ៤០អង្សាសេ ក្នុងឆ្នាំ២០២៤ ពោលគឺលើសពីកម្រិត ៣៥អង្សាសេ ដែលមន្ត្រីអាកាសធាតុដាក់កម្រិតថា «ក្តៅខ្លាំងបំផុត» ។
មន្ត្រីភ្នាក់ងារអាកាសធាតុមួយរូប បានប្រាប់សារព័ត៌មាន AFP ថា កម្ដៅឡើងខ្ពស់ខ្លាំងបែបនេះ នៅពាក់កណ្តាលរដូវវស្សារបស់ប្រទេសជប៉ុន គឺ «កម្រមានណាស់» ដែលបណ្តាលមកពីមានប្រព័ន្ធសម្ពាធខ្ពស់ នៅប៉ាស៊ីហ្វិកខាងត្បូង។

ប៉ុន្មានថ្ងៃកន្លងមកនេះ គេឃើញអាជ្ញាធរបានចេញសេចក្តីជូនដំណឹង អំពីជំងឺសុរិយរោគ ក្នុងតំបន់ជាច្រើនរបស់ប្រទេស ដោយបានជំរុញប្រជាពលរដ្ឋរបស់ខ្លួន ជៀសវាងការចេញទៅហាត់ប្រាណនៅខាងក្រៅ និងប្រើប្រាស់ម៉ាស៊ីនត្រជាក់។
យោងតាមការិយាល័យពិនិត្យសុខភាពរបស់ទីក្រុង បានឲ្យដឹងថា រដ្ឋធានីបានកត់ត្រាការស្លាប់ចំនួន ៣នាក់ដែលត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺសុរិយរោគ កាលថ្ងៃទី៦ ខែកក្កដា និង ៣នាក់ទៀត នៅថ្ងៃទី៨ ខែកក្កដា នៅពេលដែលសីតុណ្ហភាពបានឡើង នៅក្នុងរង្វង់ប្រមាណ ៣៥អង្សាសេ នាពេលថ្ងៃត្រង់៕