
រថយន្តរាប់រយគ្រឿងផ្ទុកស្បៀងអាហារ និងទឹក បានជាប់នៅតាមផ្លូវប្រទេសអេហ្ស៊ីបអស់រយៈពេលជិត ២ខែមកហើយ ដោយរថយន្តទាំងអស់នេះ រង់ចាំការអនុញ្ញាតឲ្យចែកចាយការផ្គត់ផ្គង់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សា ។
ស្ថិតនៅចម្ងាយប្រហែល ៥០គ.មពីព្រំដែនហ្កាហ្សា រថយន្តដឹកម៉្សៅ ទឹក និងជំនួយផ្សេងទៀត ចតតម្រង់ជួរនៅសងខាងផ្លូវពោពេញដោយធូលី ។

ក្រុមអ្នកបើកបរ និយាយថា ពួកគេរង់ចាំអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ នៅក្រោមស្ថានភាពអាកាសធាតុក្តៅហែង ។
ក្រុមអ្នកបើករថយន្តចតនៅតំបន់ជាយក្រុង al-Arish ស្ថិតក្នុងឧបទ្វីបស៊ីណៃ របស់អេហ្ស៊ីប និយាយថា ពួកគេពុំអាចចែកចាយការផ្គត់ផ្គង់មនុស្សធម៌ ចាប់តាំងពីពេលដែលអ៊ីស្រាអែល បង្កើនការវាយប្រហាររបស់ពួកគេទៅលើព្រំដែនរវាងតំបន់ហ្កាហ្សា និងអេហ្ស៊ីប កាលពីខែឧសភា ។
ស្ថានភាពជាប់គាំងនេះដែរ បានធ្វើឲ្យវិបត្តិមនុស្សធម៌ដ៏អាក្រក់នៅតំបន់ហ្កាហ្សាកាន់តែធ្ងន់ធ្ងរទៅ ក្រោយសង្រ្គាមអស់រយៈពេល ៩ខែរវាងអ៊ីស្រាអែល និងក្រុមជីវពលហាម៉ាស់ ។
ក្រុមអ្នកផ្តល់ជំនួយព្រមានថា មាននូវហានិភ័យខ្ពស់នៃគ្រោះទុរ្ភិក្សនៅទូទាំងដែនដីបិទច្រកមួយនេះ ៕