
ក្រសួងជួយសង្រ្គោះ និងគ្រប់គ្រងគ្រោះមហន្តរាយបង់ក្លាដែស និយាយកាលពីថ្ងៃចន្ទថា ទឹកជំនន់ធ្ងន់ធ្ងរនៅតំបន់ភាគខាងជើងប្រទេស បានធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ២លាននាក់ ហើយសាលារៀន បានបិទទ្វារ ស្របពេលដែលទឹកទន្លេព្រហ្មបុត្រ ឡើងប្រៀបច្រាំង បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង ។
រូបភាពវីដេអូឃ្លីបរបស់ទូរទស្សន៍ ឃើញស្ពាន និងទំនប់បាក់ ខណៈផ្លូវរងការជន់លិច ហើយអ្នកភូមិដើរលុកទឹកត្រឹមជង្គង់ នៅទីក្រុង Jamalpur កាលពីថ្ងៃអាទិត្យ ។ ផ្ទះសម្បែងប្រជាពលរដ្ឋរងការជន់លិចផងដែរ ហើយសត្វគោក្របី ត្រូវបានសង្រ្គោះ កាលពីថ្ងៃចន្ទ ។

យោងតាមសម្តីរបស់លោក Mohammad Robiul គឺជាមន្រ្តីមកពីក្រសួងជួយសង្រ្គោះ និងគ្រប់គ្រងគ្រោះមហន្តរាយបង់ក្លាដែស បាននិយាយថា មនុស្សរាប់ម៉ឺននាក់ បានរស់នៅក្នុងជម្រកបណ្តោះអាសន្ន ស្របពេលដែលសាលារៀននៅទីក្រុង Jamalpur, Kurigram និងទីក្រុងជិតគ្នា បានបិទ ចំថ្ងៃសិស្សត្រូវប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ។
ការិយាល័យឧតុនិយមក្នុងស្រុក និយាយនៅក្នុងសេចក្តីរាយការណ៍ថា ទឹកជំនន់ពីទន្លេឡើងព្រហ្មបុត្រ អាចនឹងស្រកទៅវិញនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ប៉ុន្តែភ្លៀងធ្លាក់ខ្លាំង ត្រូវបានគេរំពឹងថានឹងវាយប្រហារនៅតំបន់ភាគកណ្តាល និងភាគខាងត្បូង អំឡុងរយៈពេល ៥ថ្ងៃក្រោយ ៕
