
នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi និយាយក្នុងទីក្រុងម៉ូស្គូនៅថ្ងៃអង្គារនេះថា ទំនាក់ទំនងឥណ្ឌាជាមួយរុស្ស៊ី ផ្អែកលើទំនុកចិត្ត និងការគោរពគ្នាទៅវិញទៅមក ហើយលោកបានកោតសរសើរផងដែរដល់ការដឹកនាំប្រទេសរបស់លោកប្រធានាធិបតី Vladimir Putin ។
លោក Modi បានថ្លែងបែបនេះ នៅក្នុងសុន្ទរកថាទៅកាន់ជនអន្តោប្រវេសន៍ឥណ្ឌា អំឡុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសរុស្ស៊ី ក្នុងរយៈពេល ៥ឆ្នាំ ។

ដំណើរទស្សនកិច្ចរយៈពេល ២ថ្ងសរបស់លោក គាប់ជួននឹងកិច្ចប្រជុំកំពូលអង្គការណាតូនៅទីក្រុងវ៉ាស៊ីងតោន ដែលគេរំពឹងថានឹងផ្តោតសំខាន់លើសង្រ្គាមអ៊ុយក្រែន ។
លោក Modiនិយាយថា លោកសប្បាយចិត្តនៅពេលដែលឥណ្ឌា និងរុស្ស៊ីកៀកស្មាគ្នា ដើម្បីផ្តល់ថាមពលថ្មីដល់វិបុលភាពសកលលោក ។
សូមបញ្ជាក់ថា រុស្ស៊ីបានក្លាយជាប្រទេសផ្តល់អាវុធធំបំផុតរបស់ឥណ្ឌា អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ហើយទីក្រុងញូវ ដែល្លី និងទីក្រុងម៉ូស្គូ មាននូវទំនាក់ទំនងជិតស្និត ចាប់តាំងពីសម័យសូវៀតមកម្ល៉េះ ៕
