
រដ្ឋាភិបាលស្វីស នៅថ្ងៃអង្គារ (ទី៩ ខែកក្កដា) នេះ បានប្រាប់ឲ្យដឹងថា ប្រទេសស្វីសបានពង្រីកទណ្ឌកម្មរបស់ខ្លួន ដែលដាក់លើប្រទេសរុស្ស៊ី ដើម្បីរួមបញ្ចូលវិធានការបន្ថែម ដែលសហភាពអឺរ៉ុប (EU) ទើបនឹងបានបង្កើតឡើងប្រឆាំងនឹងទីក្រុងមូស្គូ ជុំវិញការលុកលុយដែលកំពុងបន្តមានលើប្រទេសអ៊ុយក្រែន។
ដោយនិយាយដល់កញ្ចប់វិធានការដែលត្រូវបានអនុម័តដោយ EU ប្រឆាំងនឹងរុស្ស៊ី កាលពីថ្ងៃទី២៤ ខែមិថុនា ក្រសួងសេដ្ឋកិច្ចស្វីស បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួននឹងដាក់ទណ្ឌកម្មនៅក្នុងរង្វង់ដែនសមត្ថកិច្ចរបស់ខ្លួន ចំពោះបុគ្គលចំនួន ៦៩នាក់ និងអង្គភាពចំនួន ៨៦ បន្ថែមទៀត។

ក្រសួង បានប្រាប់ថា ទណ្ឌកម្មទាំងនេះផ្តោតសំខាន់ទៅលើ «អ្នកជំនួញ អ្នកឃោសនា សមាជិកនៃកងកម្លាំងប្រដាប់អាវុធ និងតុលាការ អ្នកដែលទទួលខុសត្រូវចំពោះការនិរទេសកុមារអ៊ុយក្រែន» ហើយនិងសមាជិកសេវាសន្តិសុខសហព័ន្ធ (FSB) របស់រុស្ស៊ី។
អង្គភាពដែលត្រូវបានដាក់ទណ្ឌកម្មថ្មី រួមមានក្រុមហ៊ុនដែលប្រតិបត្តិការ នៅក្នុងឧស្សាហកម្មការពារជាតិរបស់ប្រទេសរុស្ស៊ី និងក្រុមហ៊ុននៅក្នុងវិស័យហិរញ្ញវត្ថុ និងពាណិជ្ជកម្មដែលពាក់ព័ន្ធនឹងការគេចពីទណ្ឌកម្ម។ ក្រសួងបានបន្ថែមថា នេះមានន័យថា បុគ្គល និងអង្គភាពចំនួនជាង ២.២០០ ឥឡូវនេះ ត្រូវនៅក្នុងបញ្ជីទណ្ឌកម្ម៕