
ការផ្ទុះដ៏ខ្លាំងក្លាចំនួនពីរ ត្រូវបានឮនៅជិតជាយក្រុង Baniyas ក្នុងតំបន់ឆ្នេរនៃប្រទេសស៊ីរី បន្ទាប់ពីពាក់កណ្ដាលអធ្រាត្រ ឈានចូលព្រឹកថ្ងៃអង្គារ ដែលជាអ្វីដែលហាក់ដូចជាការវាយប្រហារថ្មីមួយរបស់ អ៊ីស្រាអែល។
ក្រសួងការពារជាតិស៊ីរី បានបញ្ជាក់ថា នៅម៉ោងប្រហែល ០០:២០នាទីព្រឹកម៉ោងក្នុងស្រុក នៅថ្ងៃអង្គារ (២១:00 ម៉ោងសកលថ្ងៃចន្ទ) កងកម្លាំងអ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសពីទិសដៅនៃ សមុទ្រមេឌីទែរ៉ាណេ ភាគខាងលិចនៃទីក្រុង Baniyas ដោយផ្តោតលើទីតាំងមួយ នៅក្នុងទីក្រុងនេះ។ ការវាយប្រហារនេះ បានបណ្តាលឲ្យខូចខាតសម្ភារៈមួយចំនួន។

ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ដែលជាអ្នកឃ្លាំមើលសង្រ្គាម បានរាយការណ៍ថា ការផ្ទុះពីរ បានកើតឡើងនៅក្នុងទីក្រុង Baniyas ។ ខណៈដែលគេមិនច្បាស់ថាតើពួកវា ជាលទ្ធផលនៃការវាយប្រហាររបស់អ៊ីស្រាអែលឬអត់នោះ ទីក្រុង Baniyas ត្រូវបានគេដឹងថា ជាកន្លែងស្តុកប្រេង។