
ក្រុមអ្នកជំនាញ និយាយថា ទួរគី កំពុងខិតខំប្រឹងប្រែង ដើម្បីជួសជុលចំណងមិត្តភាពជាមួយប្រទេសជិតខាងស៊ីរី ដែលមួយផ្នែកត្រូវបានជំរុញដោយបំណងចង់ធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួនរាប់លាននាក់ ស្របពេលមានការកើនឡើងនូវប្រតិកម្មប្រឆាំងនឹងជនអន្តោប្រវេសន៍ក្នុងចំណោមប្រជាជនរបស់ខ្លួន។
លោកប្រធានាធិបតី រ៉េសិប តាយីប អឺរដូហ្កាន់ ( Recep Tayyip Erdogan) បានប្រកាសកាលពីចុងខែមិថុនាថា គ្មានឧបសគ្គរារាំងទួរគី និងស៊ីរីពីការស្តារឡើងវិញនូវទំនាក់ទំនងការទូត ដែលត្រូវបានកាត់ផ្តាច់បន្ទាប់ពីសង្គ្រាមស៊ីវិលស៊ីរី បានផ្ទុះឡើង ក្នុងឆ្នាំ ២០១១នោះទេ។
ការអត្ថាធិប្បាយរបស់លោក បានឆ្លុះបញ្ជាំងពីការលើកឡើងរបស់ប្រធានាធិបតីស៊ីរីលោក បាសា អាល់អាសាដ (Bashar al-Assad) ប៉ុន្មានថ្ងៃមុននេះ ដោយបង្ហាញពីសារៈសំខាន់នៃទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរនោះ។

លោក អឺរដូហ្កាន់ បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃទី ២៨ ខែមិថុនាថា៖«មិនមានហេតុផលណាមួយដែលថា (ទំនាក់ទំនងការទូត) មិនគួរត្រូវបានបង្កើតឡើងនោះទេ។ មុនពេលសង្រ្គាមលោក អឺរដូហ្កាន់ និង លោក អាសាដ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្នា។