
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ប្រចាំនៅប្រទេសហ្សកហ្ស៊ី នាថ្ងៃអង្គារ (ទី៩ ខែកក្កដា) នេះ បានប្រាប់ឲ្យដឹងថា ប្លុកនេះបានផ្អឹបទុកនូវទឹកប្រាក់ ៣០លានអឺរ៉ូ (៣២លានដុល្លារ) នៅក្នុងជំនួយយោធាដល់ហ្សកហ្ស៊ី ដោយការសម្រេចបែបនេះ គឺជាអ្វីដែលលោកបាននិយាយថា ជា «កម្រិតទាប» នៅក្នុងទំនាក់ទំនង រវាងភាគីទាំង២។
គួរបញ្ជាក់ថា សភាហ្សកហ្ស៊ី ក្នុងខែមិថុនា បានអនុម័តសេចក្ដីស្នើច្បាប់មួយ ដែលតម្រូវឲ្យក្រុមទាំងឡាយណា ដែលទទួលបានមូលនិធិពីបរទេសចុះឈ្មោះជាភ្នាក់ងារបរទេស ដោយច្បាប់នេះត្រូវបានរិះគន់ដោយក្រុមប្រឆាំងក្នុងស្រុក និងលោកខាងលិចថា ជាវិធានការជំរុញដោយរុស្ស៊ី ដើម្បីបង្ក្រាបអ្នកមាននិន្នាការផ្ទុយ។

ដោយថ្លែងនៅឯព្រឹត្តិការណ៍មួយ ក្នុងទីក្រុង Tbilisi ឯកអគ្គរដ្ឋទូត លោក Pawel Herczynski បាននិយាយថា៖ «សម្រាប់ពេលនេះ ទឹកប្រាក់ដែលយើងគ្រោងផ្ទេរទៅឲ្យក្រសួងការពារជាតិហ្សកហ្ស៊ីចំនួន ៣០លានអឺរ៉ូ ត្រូវបានផ្អឹបទុក ហើយនេះគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ។ វានឹងមានជំហានបន្ទាប់ផ្សេងទៀត»។
ជាមួយគ្នានេះ លោក Herczynski បាននិយាយថា ប្លុកនឹង «កាត់បន្ថយជំនួយម្ដងបន្តិចៗ» ដល់រដ្ឋាភិបាលហ្សកហ្ស៊ី ហើយនឹងបង្វែរទៅគាំទ្រសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសវិញ។
គួរបញ្ជាក់ថា ចំណាត់ការនេះ គឺជាផលប៉ះពាល់ដោយផ្ទាល់ជាលើកដំបូងនៃការធ្លាក់ចុះ នៅក្នុងទំនាក់ទំនងជាប្រពៃណីដ៏កក់ក្តៅរបស់ហ្សកហ្ស៊ីជាមួយ EU ជុំវិញច្បាប់ភ្នាក់ងារបរទេស ហើយកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក បានពន្យារពេលសមយុទ្ធយោធាដោយគ្មានកំណត់ជាមួយកងទ័ពហ្សកហ្ស៊ី កាលពីសប្តាហ៍មុន៕