ភ្នំពេញ ៖ មណ្ឌលសុខភាពទួលគោក បន្តដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ដូសទី២ ជូនកុមារ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំ រហូតដល់អាយុក្រោម១៧ឆ្នាំ បានចាប់ផ្តើមយុទ្ធនាការ កាលពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ចាក់វ៉ាក់សាំងបានចំនួនជាង៣០០០នាក់។
បើតាមលោក ប៉ាវ សំអាត អ្នកសម្របសម្រួលទូទៅយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មណ្ឌលសុខភាពទួលគោក ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រាប់BTV ព័ត៌មាននាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះថា យុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ និងតួលេខដែលកុមារ និងយុវវ័យ បានមកចាក់វ៉ាក់សាំងក្នុងមណ្ឌលសុខភាពទួលគោក មាន១០សង្កាត់ ដូសទី១ មានចំនួនសរុប១៦៣៣០នាក់ ក្នុងនោះស្រី៩២៤៣នាក់ ប្រុស៧០៨៧នាក់។ ទន្ទឹមនឹងនោះមណ្ឌលសុខភាពទួលគោក បានចាក់វ៉ាក់សាំងដូសទី២ អស់រយៈពេល៤ថ្ងៃមកហើយ។
ជាមួយគ្នានោះដែរ កុមារ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំ រហូតដល់អាយុក្រោម១៧ឆ្នាំ បានមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពីក្រុមការងារគ្រូពេទ្យមណ្ឌលសុខភាពទួលគោក បានលើកឡើងស្រដៀងគ្នាថា ពួកគាត់ពិតជាសប្បាយរីករាយខ្លាំងជាទីបំផុត នៅពេលទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩រួច ជាពិសេសសូមគោរពថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតដល់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តបានខិតខំរក ក៏ដូចជាបញ្ជាទិញវ៉ាក់សាំងកូវីដ-១៩ យកមកចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ ប្រជាពលរដ្ឋរបស់ខ្លួន ដើម្បីការពារទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩។
ជាចុងក្រោយលោក ប៉ាវ សំអាត ក៏បានសូមអំពាវនាវដល់មាតា បិតា អាណាព្យាបាល បញ្ជូនកូនៗ ដែលគ្រប់អាយុចាក់វ៉ាក់សាំងអញ្ជើញមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា ជាពិសេសត្រូវចូលរួមអនុវត្តន៍វិធានការ ៣កុំ ៣ការពារ តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត វិធានការក្រសួងសុខាភិបាល ដែលបានកំណត់៕
អត្ថបទ រដ្ឋា




