
នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បាននិយាយប្រាប់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅថ្ងៃអង្គារនេះថា ការស្លាប់របស់ក្មេងគ្មានកំហុស គឺជារឿងដ៏គួរឲ្យឈឺចាប់ខ្លាំងណាស់ ពោលគឺរយៈពេល ១ថ្ងៃក្រោយការវាយប្រហារស្លាប់មនុស្សលើមន្ទីរពេទ្យកុមារ ស្ថិតក្នុងទីក្រុងគីវ របស់ប្រទេសអ៊ុយក្រែន ។
មេដឹកនាំឥណ្ឌារូបនេះ បានផ្តល់អនុសាសន៍ចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ អំឡុងជំនួបជាមួយលោក Putinនៅវិមានក្រឹមឡាំង ។
លោក Modi និយាយប្រាប់លោក Putinថា ការស្លាប់របស់ក្មេងគ្មានកំហុសនៅក្នុងសង្រ្គាម ជម្លោះ ឬការវាយប្រហារភេរវកម្ម គឺជារឿងដ៏គួរឈឺចាប់ខ្លាំងបំផុត ។

អ៊ុយក្រែន និយាយថា ពួកគេបានរកឃើញបំណែកមីស៊ីលតម្រង់គោលដៅ Kh-101 របស់រុស្ស៊ីនៅក្នុងមន្ទីរពេទ្យ ក្រោយរលកនៃការវាយប្រហារដោយមីស៊ីលរុស្ស៊ី បានសម្លាប់ពលរដ្ឋអ៊ុយក្រែនយ៉ាងហោច ៤១នាក់នៅទូទាំងប្រទេស ។
វិមានក្រឹមឡាំង និយាយថា វាគឺជាការបាញ់ប្រឆាំងមីស៊ីលរបស់អ៊ុយក្រែន មិនមែនរុស្ស៊ីនោះទេ ដែលបានត្រូវមន្ទីរពេទ្យកុមារនៅក្នុងទីក្រុងគីវ កាលពីថ្ងៃចន្ទ ។
លោក Dmitry Peskov គឺជាអ្នកនាំពាក្យវិមានក្រឹមឡាំង ពុំបានផ្តល់ភស្តុតាងនោះទេ ដើម្បីគាំទ្រអំណះអំណាងរបស់ខ្លួន ប៉ុន្តែលោកបាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ពួកគេពុំបានវាយប្រហារលើគោលដៅស៊ីវិលនោះឡើយ ៕