
ប្រធានបេសកកម្មតាមដានសិទ្ធិមនុស្សអង្គការសហប្រជាជាតិ(UN)នៅអ៊ុយក្រែន លោកស្រី Danielle Bell និយាយនៅថ្ងៃអង្គារនេះថា ការវាយប្រហារលើមន្ទីរពេទ្យកុមារនៅរដ្ឋធានីគីវ ប្រទេសអ៊ុយក្រែន ទំនងជាបណ្តាលមកពីការវាយប្រហារផ្ទាល់ពីមីស៊ីលរុស្ស៊ី ។
ការវាយប្រហារទាំងថ្ងៃនេះ គឺជាផ្នែកមួយនៃការវាយប្រហារជាច្រើន ដែលបានសម្លាប់មនុស្សយ៉ាងហោច ៤១នាក់នៅទូទាំងអ៊ុយក្រែន ។ រុស្ស៊ីនិយាយថា វាគឺជាការបាញ់ប្រឆាំងមីស៊ីលរបស់អ៊ុយក្រែន មិនមែនរុស្ស៊ីនោះទេ ដែលបានត្រូវមន្ទីរពេទ្យកុមារនៅក្នុងទីក្រុងគីវ កាលពីថ្ងៃចន្ទ ។

លោកស្រី Danielle និយាយនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងហ្សឺណែវ តាមរយៈការភ្ជាប់ Video Conference ចេញពីទីក្រុងគីវថា ការវិភាគលើរូបភាពវីដេអូឃ្លីប និងការវាយតម្លៃដែលបានធ្វើនៅកន្លែងកើតឧបទ្ទេវហេតុ បង្ហាញថា វាទំនងណាស់ថា មន្ទីរពេត្យកុមារក្រុងគីវ រងការវាយប្រហារដោយផ្ទាល់ពីមីស៊ីល ជាជាងរងគ្រោះដោយសារប្រព័ន្ធបាញ់ស្កាត់ ។
លោកស្រីបន្តថា ក្រុមការងាររបស់លោកស្រីដែលបានធ្វើដំណើរទៅកាន់កន្លែងកើតហេតុកាលពីថ្ងៃចន្ទ មិនទាន់អាចធ្វើការកំណត់ផ្តាច់ព្រ័ត្របាននោះទេ ប៉ុន្តែមីស៊ីលទំនងជាបានបាញ់ដោយសហព័ន្ធរុស្ស៊ី ៕