ក្រុមមេដឹកនាំអង្គការណាតូកំពុងប្រមូលផ្តុំគ្នានៅទីក្រុងវ៉ាស៊ីនតោន ដែលបានចាប់ផ្តើមកាលពីថ្ងៃអង្គារសប្ដាហ៍នេះ រួមគ្នាបង្កើនការគាំទ្រឆ្លងមហាសាគរអាត្លង់ទិកសម្រាប់អ៊ុយក្រែន ក្នុងការប្រយុទ្ធរបស់ខ្លួនប្រឆាំងនឹងរុស្ស៊ី។ ប៉ុន្តែសម្រាប់ម្ចាស់ផ្ទះនៃជំនួបកំពូលនេះ គឺលោកប្រធានាធិបតី Biden កំពុងព្យាយាមបង្ហាញថារូបលោកមានសមត្ថភាពបំពេញតាមតម្រូវការក្នុងការកាន់តំណែងជាប្រធានាធិបតីសម្រាប់រយៈពេលបួនឆ្នាំបន្ថែមទៀត។

បណ្ដាប្រមុខរដ្ឋមកពីអឺរ៉ុប និងអាមេរិកខាងជើង កំពុងប្រឈមនឹងការរំពឹងទុកនៃការវិលត្រឡប់ទៅកាន់ការិយាល័យប្រធានាធិបតី Oval Office ដែលសម្ព័ន្ធយោធាណាតូ មានមន្ទិល ថាលោក Donald Trump អាចនឹងឈ្នះឆ្នោត ខណៈលោក Biden ព្យាយាមជួយសង្គ្រោះយុទ្ធនាការបោះឆ្នោតអាណត្តិថ្មីរបស់លោកដែលបានស្ថិតក្នុងភាពយឺតយ៉ាវ បន្ទាប់ពីធ្វើមិនបានល្អក្នុងការជជែកដេញដោល កាលពីថ្ងៃទី ២៧ ខែមិថុនាទល់នឹងលោកTrump ។

លោកប្រធានាធិបតីបាននិយាយថាការងាររបស់លោកនៅឯកិច្ចប្រជុំកំពូល ជាទីដែលអង្គការណាតូកំពុងប្រារព្ធខួប ៧៥ ឆ្នាំ នឹងក្លាយជាវិធីដ៏ល្អមួយដើម្បីវិនិច្ឆ័យសមត្ថភាពបន្តរបស់លោកក្នុងការធ្វើការងារនេះ។
លោកចង្អុលទៅការងាររបស់លោកដែលកំពុងជួបជុំសមាជិកណាតូក្នុងការឆ្លើយតបដ៏ម៉ឺងម៉ាត់របស់ខ្លួនចំពោះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដែលជាឧទាហរណ៍ចម្បងនៃការដឹកនាំដ៏រឹងមាំរបស់លោក និងក្នុងចំណោមហេតុផលដែលរូបលោកសមនឹងកាន់តំណែងរយៈពេល៤ឆ្នាំទៀតនៅក្នុងសេតវិមាន។ អំឡុងបើកកិច្ចប្រជុំកំពូល លោកប្រធានាធិបតីបាននិយាយដោយសំឡេងខ្លាំងៗ និងរឹងមាំជាង កាលដែលលោកបានធ្វើក្នុងអំឡុងពេលជជែកដេញដោល៕