ក្រុមមន្ត្រីប៉ាឡេស្ទីនបាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្នុងដែនដីហ្កាហ្សាស្ទ្រីប បានសម្លាប់មនុស្សរាប់សិបនាក់ ខណៈរថក្រោះអ៊ីស្រាអែលកំពុងស្ថិតក្នុងដែនដីហ្កាហ្សា បង្ខំអ្នកស្រុកឱ្យភៀសខ្លួននៅក្រោមការបាញ់ប្រហារ ស្របពេលអ៊ីស្រាអែលកាលពីថ្ងៃអង្គារ ៩ កក្កដា បង្កើនការវាយលុកដែលក្រុមហាម៉ាស បានព្រមានថាអាចគំរាមកំហែងដល់កិច្ចចរចាបទឈប់បាញ់។

មន្ត្រីមន្ទីរពេទ្យប៉ាឡេស្ទីនបាននិយាយថា ការវាយប្រហារតាមអាកាសបានចំលើជំរំតង់គ្រួសារជនភៀសខ្លួននៅខាងក្រៅសាលារៀនក្នុងទីក្រុង អាបាសសាន (Abassan) ភាគខាងកើតនៃ ទីក្រុង Khan Younis ក្នុងដែនដីហ្កាហ្សាភាគខាងត្បូង ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៩ នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ។

លោក អ៊ីស្មេល អាល់ ថាវ៉ាប់តា (Ismail Al Thawabta) នាយកការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលតំបន់ហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើកណ្តាលដែនដីហ្កាហ្សា បានសម្លាប់ជនជាតិប៉ាឡេស្ទីន ៦០ នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួសកាលពីថ្ងៃអង្គារ។
ក្រុមអ្នកស្រុកនិយាយថា រថក្រោះរបស់អ៊ីស្រាអែល ដែលបានរុលចូលទៅក្នុងស្រុក តេលអាល់ហាវ៉ា(Tel Al Hawa) ស្រុក ហ្សេចៃយ៉ា(Shejaia) និងស្រុក សាប្រា (Sabra) នៃទីក្រុងហ្កាហ្សា បានបំផ្លិចបំផ្លាញផ្លូវ និងអគារជាច្រើន ដោយបង្ខំឱ្យពួកគេភៀសខ្លួនចេញពីផ្ទះសម្បែង។ ការរត់ភៀសខ្លួននេះ ត្រូវបានអនុវត្តតាមបញ្ជាយោធាអ៊ីស្រាអែលឱ្យមនុស្សជម្លៀសចេញពីស្រុកជាច្រើននៅភាគខាងកើត និងខាងលិចទីក្រុងហ្កាហ្សា ដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលរួមទាំងស្រុកទាំងនេះដែរ៕