ប្រជាជនអាមេរិករាប់លាននាក់នៅភាគអាគ្នេយ៍នៃរដ្ឋតិចសាស់ (Texas) បានស៊ូទ្រាំនឹងអាកាសធាតុក្តៅគគុកកាលពីថ្ងៃអង្គារ (០៩ កក្កដា) ដោយមិនមានជំនួយពីម៉ាស៊ីនត្រជាក់ទេ បន្ទាប់ពីព្យុះត្រូពិច ប៊ើរៀល (Beryl) បានបណ្ដាលឱ្យដាច់ចរន្តអគ្គិសនីទូទាំងផ្នែកដ៏ធំមួយនៃតំបន់នេះ។ រលកកម្ដៅដ៏ខ្លាំងក្លានេះក៏បានវាយលុកភាគខាងលិចនៃសហរដ្ឋអាមេរិក និងកាណាដាផងដែរ ដែលបង្កើនហានិភ័យនៃចំហេះព្រៃ។

យោងតាមគេហទំព័រតាមដានការដាច់ចរន្តអគ្គិសនីអាមេរិក ផៅវើអោតថេច (Poweroutage.us) បានឱ្យដឹងថា លំនៅឋាន និងអាជីវកម្មនៅរដ្ឋតិចសាស់ជិត ៣ លានកន្លែង ពុំមានអគ្គិសនីប្រើប្រាស់ឡើយ ខណៈសីតុណ្ហភាពបានឡើងលើសពី ៣៨អង្សារសេ នៅពេលពាក់កណ្តាលថ្ងៃនៅថ្ងៃអង្គារ នេះបើតាមសេវាអាកាសធាតុជាតិ។

ព្យុះត្រូពិច ប៊ើរៀល បានវាយលុកចូលទៅក្នុងរដ្ឋតិចសាស់ កាលពីថ្ងៃចន្ទ ដោយបានបង្កការជន់លិចផ្លូវ បំផ្លាញផ្ទះសម្បែង និងបណ្ដាញអគ្គិសនី។ យ៉ាងហោចណាស់មនុស្ស ៨នាក់បានស្លាប់ គិតត្រឹមព្រឹកថ្ងៃអង្គារ បន្ទាប់ពីព្យុះសង្ឃរា ប៊ើរៀល បានបោកបក់ដល់ដីនៅភាគខាងត្បូងរដ្ឋតិចសាស់។ សរុបមក មនុស្សប្រហែល ១២៨ លាននាក់នៅទូទាំងសហរដ្ឋអាមេរិក បានស្ថិតនៅក្រោមការព្រមានពីកម្ដៅកាលពីថ្ងៃអង្គារ។

អ្នកជំនាញឧតុនិយមនៅវិទ្យាស្ថានបរិស្ថានកាណាដាបាននិយាយថា រលកកម្ដៅក៏បានបញ្ជូនសីតុណ្ហភាពខ្ពស់ទៅទូទាំងភាគខាងលិចកាណាដា ដែលបង្កើនហានិភ័យនៃចំហេះព្រៃ ហើយខណៈពេលដែលរលកកម្ដៅផ្លាស់ទីទៅភាគខាងកើត សីតុណ្ហភាពនឹងធ្លាក់ចុះ ប៉ុន្តែអស្ថិរភាពនៃសម្ពាធអាចបង្កឱ្យមានរន្ទះស្ងួត ដែលបង្កើនការគំរាមកំហែងនៃចំហេះព្រៃកាន់តែខ្លាំង៕