បារាំងចាត់ទុកវេទិកាលើកទី ២ គឺជាឱកាសពិសេសមួយសម្រាប់ក្រុមហ៊ុន អ្នកជំនាញ និងអ្នកដែលចាប់អារម្មណ៍លើការអភិវឌ្ឍន៍ សេដ្ឋកិច្ច ដើម្បីស្វែងរកឱកាសនៅប្រទេសកម្ពុជាបន្ថែម និងក៏ជាការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចកម្ពុជា-បារាំង និងការផ្តល់ផលប្រយោជន៍ ដល់ក្រុមហ៊ុននៃប្រទេសទាំងពីរ។

វេទិកាធុរកិច្ចបារាំង-កម្ពុជាលើកទី២ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នេះ គឺជាវេទិកាធុរកិច្ច ដែលប្រមូលផ្តុំសមាជិកសហគមន៍ធុរកិច្ចបារាំងនៅកម្ពុជា ក៏ដូចជាតំណាងក្រុមហ៊ុនបារាំង ដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់ គឺមាន បំណងចង់ស្វែងយល់ឱ្យស៊ីជម្រៅអំពីទីផ្សារកម្ពុជា ក្នុងនោះវិស័យជាច្រើននឹងត្រូវបានលើកឡើងរួមមាន៖ វិស័យសំណង់ និងហេដ្ឋារចនាសម្ព័ន្ធ, បច្ចេកវិទ្យាឌីជីថល, ការថែទាំសុខភាព, ថាមពល, ការធ្វើផែនការទីក្រុងទេសចរណ៍, ភស្តុភារនិងដឹកជញ្ជូន, កសិកម្ម និងកសិ-ម្ហូបអាហារ, ព្រមទាំងការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិស្ថាន។
ជាក់ស្តែងនៅថ្ងៃទី ២ ម្សិលមិញនេះ ធុរកិច្ចបារាំង បានពិភាក្សា និងលើកឡើងនូវប្រធានបទជាច្រើន ដោយបានពិគ្រោះគ្នា យ៉ាងផុលផុស ជាពិសេសលើវិស័យឧស្សាហកម្ម ។ ក្រៅពីនេះធុរកិច្ចបារាំង ក៏បានលើកឡើងលើបញ្ហាទេសចរ និងបានបង្ហាញថា កម្ពុជាកំពុងទាក់ទាញ ដោយមានការចាប់អារម្មណ៍ពីភ្ញៀវទេសចរបរទេស មកទស្សនាប្រាសាទអង្គរវត្ត និងតំបន់ឆ្នេរនៅតាមមាត់ សមុទ្រដ៏អស្ចារ្យរបស់កម្ពុជាផងដែរ។

ដោយឡែកថ្ងៃទីបី ដែលជាថ្ងៃចុងក្រោយនេះ, វេទិកានេះ នឹងរៀបចំឡើងនៅខេត្តព្រះសីហនុ ដើម្បីផ្តល់ឱកាសដល់អ្នកចូលរួម ក្នុងការស្វែងរកទីតាំងសេដ្ឋកិច្ចសំខាន់ៗ ជាពិសេសឱកាសវិនិយោគ ដោយក្នុងវេទិការនោះ, ធុរកិច្ចនឹងជួបជាមួយតំណាងរដ្ឋាភិបាល ដើម្បីទទួលបាននូវពុទ្ធិផ្សេងៗ។ ទាក់ទិនវេទិកាធុរកិច្ចបារាំង-កម្ពុជាឆ្នាំនេះផងដែរ ការរៀបចំឡើង គឺមានគោលបំណងជាកាតលីករ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគីជំរុញអភិវឌ្ឍន៍ថ្មីៗបន្ថែម ដែលផ្តល់ផលប្រយោជន៍ដល់ការអភិវឌ្ឍន៍ ប្រកបដោយចីរភាព នៃប្រទេសទាំងពីរ។
សូមបញ្ជាក់ថា នៅក្នុងវេទិកានេះដែរ ក៏បានលើកឡើងពីទំហំពាណិជ្ជកម្មរវាងបារាំង និងកម្ពុជា ដោយបានឈានដល់ ១ ៣៦៣ លានអឺរ៉ូ ក្នុងឆ្នាំ ២០២៣ ។ បច្ចុប្បន្នបារាំងគឺជាដៃគូពាណិជ្ជកម្មនៅអឺរ៉ុបដ៏ធំទីពីររបស់កម្ពុជាផងដែរ បន្ទាប់ពីប្រទេសអាល្លឺម៉ង់។ ចំណែកទាក់ទង់ការនាំចេញវិញ បារាំងបាននាំចូលមកកម្ពុជាក្នុងឆ្នាំ២០២៣ មានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរង្វង់ ៣១ ភាគរយ បើធៀបនឹងឆ្នាំ ២០២២ ដោយការនាំចេញភាគច្រើនមាន ផលិតផលកសិកម្ម ឱសថ និងផលិតផលលោហធាតុ និង លោហធាតុ។ ទន្ទឹមនឹងនេះដែរ ការនាំចូលរបស់បារាំងពីកម្ពុជា បានកើនឡើងដល់ ១ ១៩២ លានអឺរ៉ូ ក្នុងឆ្នាំ ២០២៣ វិស័យនាំចូល ជាចម្បងមាន៖ វាយនភណ្ឌ ផលិតផលកសិ-អាហារ និងកង់ជាដើម។ ចំណែកការវិនិយោគ មានភាគហ៊ុនឈានដល់ប្រមាណ ៥៦០ លានអឺរ៉ូ សម្រាប់ការវិនិយោគរបស់បារាំងនៅកម្ពុជា ក្នុងនោះមាន វិស័យសំណង់ កសិឧស្សាហកម្ម និងសេវាកម្ម។ តួលេខទាំងនេះ បានបង្ហាញពីភាពស្វាហាប់ នៃទំនាក់ទំនងសេដ្ឋកិច្ចបារាំង-កម្ពុជា ដែលផ្តល់ផលប្រយោជន៍ដល់ក្រុមហ៊ុននៃប្រទេសទាំងពីរ និងក៏ជា រួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជាផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី
