បាល់ទាត់៖ ក្របខណ្ឌបាល់ទាត់អង់គ្លេស Premier League បានធ្វើការសំរេចចិត្តដ៏ស្ទាក់ស្ទើរមួយ តែជាការឯកភាពគ្នាជាមួយក្លិបនៅក្នុងក្របខណ្ឌ ដោយនឹងមិនអនុញ្ញាតឱ្យកីឡាកររបស់ខ្លួនចាកចេញទៅប្រកួតឱ្យក្រុមជំរើសជាតិ ក្នុងការប្រកួតអន្តរជាតិនៅខែកញ្ញាខាងមុខ នៅតាមបណ្តាប្រទេសដែលស្ថិតក្នុងបញ្ជីក្រហមរបស់ចក្រភពអង់គ្លេស។
បើតាមការណែនាំរបស់រដ្ឋាភិបាលអង់គ្លេស កីឡាករនឹងត្រូវអវត្តមានពីរទៅបីប្រកួតនៅពេលពួកគេចាកចេញ ហើយត្រលប់មកចក្រភពអង់គ្លេសដោយត្រូវធ្វើចត្តាឡីស័ក ១០ថ្ងៃ។ សមាគមបាល់ទាត់អង់គ្លេស FA និងរដ្ឋាភិបាលអង់គ្លេសក៏បានពិភាក្សាគ្នាផងដែរជុំវិញបញ្ហានេះ តែពុំមានដំណោះស្រាយ និងពុំមានការលើកលែងណាមួយដែរ។ ការសំរេចមិនអនុញ្ញាតឱ្យកីឡាករចាកចេញទៅក្រៅប្រទេសនៅខែកញ្ញាខាងមុខនេះដែរ បានទទួលការគាំទ្រពីបណ្តាក្លិបនៅ Premier League ចំនួន ១៩ ដែលមានកីឡាករសរុបជិត ៦០នាក់ដែលត្រូវបានកោះហៅទៅប្រកួតឱ្យក្រុមជំរើសជាតិ ដែលស្ថិតក្នុងបញ្ជីក្រហមរបស់អង់គ្លេសទាំង ២៦។ ប្រេស៊ីល អាហ្សង់ទីន កូឡុំប៊ី កូស្តារីកា អេស៊ីប ម៉ិកស៊ិក ប៉ារ៉ាហ្កាយ ប៉េរូ និងទួរគីស្ថិតក្នុងចំណោម ២៦ប្រទេសដែលស្ថិតក្នុងបញ្ជីក្រហមរបស់អង់គ្លេស៕
អត្ថបទ៖នាង សុភាវុធ