ទីភ្នាក់ងារស្វែងរកនិងជួយសង្គ្រោះ បាននិយាយថា ប្រទេសឥណ្ឌូណេស៊ី បានដាក់ពង្រាយឧទ្ធម្ភាគចក្រ និងអ្នកជួយសង្គ្រោះរាប់រយនាក់ កាលពីថ្ងៃអង្គារ ទី៩ ខែកក្កដា ខណៈប្រទេសនេះ បន្តការស្វែងរកមនុស្ស ៣៥នាក់ ដែលនៅតែបាត់ខ្លួន បន្ទាប់ពីមានបំណាក់ដី នៅអណ្តូងរ៉ែមាសខុសច្បាប់មួយកន្លែង នៅលើកោះ Sulawesi បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ២៣ នាក់ស្លាប់។

ភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យមានគ្រោះមហន្តរាយកាលពីថ្ងៃអាទិត្យ ដែលបានធ្វើឲ្យបាក់ស្រុតលេបត្របាក់អ្នករុករករ៉ែ និងអ្នកស្រុកនៅក្នុងស្រុក Suwawa ក្នុងខេត្ត Gorontalo ភាគខាងកើតរដ្ឋធានីហ្សាកាតា។

អ្នកនៅរស់ជីវិតម្នាក់ ជាកម្មកររ៉ែមាសអាយុ៤០ឆ្នាំ បានរៀបរាប់ថា លោកត្រូវបានហូរទៅតាមបំណាក់ ដីហើយបានអូសចម្ងាយប្រហែល៥០ម៉ែត្រ។ លោក ត្រូវបានជួយសង្គ្រោះ ប៉ុន្តែបានរងរបួសជើង និងដងខ្លួន។ លោកនិយាយថា មនុស្សទាំងអស់ លើកលែងតែកម្មកររុករករ៉ែម្នាក់ នៅក្នុងជំរំរបស់លោកបានស្លាប់នៅក្នុងបំណាក់ដី។
មនុស្សជិត៤០០នាក់ បានចូលរួមនៅក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ កាលពីថ្ងៃអង្គារ ដែលបានចាប់ផ្តើមឡើងវិញបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ដែលបានបញ្ឈប់ប្រតិបត្តិការបណ្តោះអាសន្ន កាលពីថ្ងៃចន្ទ ហើយនៅពេលល្ងាចអ្នកនៅរស់ជីវិតចំនួន៦៦នាក់ ត្រូវបានជួយសង្គ្រោះចេញពីកម្ទេចកម្ទី ទោះបីជាកិច្ចខិតខំប្រឹងប្រែង ត្រូវបានរារាំងដោយដីល្បប់ជ្រៅ ដោយអ្នកជួយសង្គ្រោះមួយចំនួន ត្រូវដើរក្នុងចម្ងាយជាង២០គីឡូម៉ែត្រ ដើម្បីទៅដល់ទីតាំងគ្រោះមហន្តរាយ។