តុលាការនៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃអង្គារទី៩ ខែកក្កដា បានបង្គាប់ឱ្យចាប់ខ្លួន អ្នកស្រី Yulia Navalnaya ជាស្ត្រីមេម៉ាយ ភរិយារបស់អ្នកនយោបាយប្រឆាំងរុស្ស៊ីដែលបានស្លាប់ លោក Alexei Navalny ត្រូវបានចាប់ខ្លួនដោយកំបាំងមុខ រយៈពេលពីរខែមកហើយ។

តុលាការ បានចោទប្រកាន់ អ្នកស្រី Navalnaya ដែលរស់នៅក្រៅប្រទេសរុស្ស៊ីថា បានចូលរួមជាមួយក្រុម «ជ្រុលនិយម»។ សេចក្តីសម្រេចនេះ មានន័យថា អ្នកស្រីនឹងប្រឈមមុខទៅនឹងការចាប់ខ្លួនពិតប្រាកដ ប្រសិនបើអ្នកស្រីចូលមកក្នុងប្រទេស។
អ្នកស្រី Navalnaya អាយុ៤៧ឆ្នាំ ចាប់ផ្តើមគេស្គាល់ច្រើន បន្ទាប់ពីការស្លាប់របស់ស្វាមីអ្នកស្រី នៅក្នុងពន្ធនគារកម្រិតធ្ងន់នៅសមុទ្រអាក់ទិក កាលពីខែកុម្ភៈ និងបាននិយាយថា អ្នកស្រីនឹងបន្តការតស៊ូប្រឆាំងសម្រាប់អ្វីដែល លោក Navalny ហៅថា «ប្រទេសរុស្ស៊ីដ៏ស្រស់ស្អាតនៅពេលអនាគត»។
ដោយសរសេរនៅលើបណ្តាញ X កាលពីថ្ងៃអង្គារ អ្នកស្រី Navalnaya បានប្រាប់អ្នកគាំទ្ររបស់អ្នកស្រី ឱ្យផ្តោតការយកចិត្តទុកដាក់ មិនត្រឹមតែសេចក្តីបង្គាប់របស់តុលាការប្រឆាំងមកលើអ្នកស្រីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រយុទ្ធប្រឆាំងជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ផងដែរ។
អ្នកស្រីបានសរសេរថា នៅពេលអ្នកសរសេរអំពីរឿងនេះ សូមកុំភ្លេចសរសេររឿងសំខាន់ថា លោក វ្ល៉ាឌីមៀ ពូទីន គឺជាឃាតក និងជាឧក្រិដ្ឋជនសង្គ្រាម។