លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy និយាយថា ពិភពលោកអាចបញ្ចប់ភេរវកម្មរបស់រុស្ស៊ីបាន ក្រោយការវាយប្រហារលើមន្ទីរពេទ្យកុមារក្រុងគៀវ (Kyiv) ខណៈអ្នកស្លាប់បានកើនឡើងដល់៤៤នាក់។

ក្រុមអ្នកជួយសង្គ្រោះនៅតែបន្តជីកកកាយតាមគំនរថ្មបាក់បែកនៃមន្ទីរពេទ្យកុមារក្នុងទីក្រុងគៀវ បន្ទាប់ពីរលកការបំផ្លិចបំផ្លាញនៃការវាយប្រហារដោយមីស៊ីលរុស្ស៊ីនៅទូទាំងប្រទេសកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ដែលបានសម្លាប់មនុស្ស ៤៤ នាក់ រួមទាំងកុមារ៤ នាក់។

នៅមុនថ្ងៃនៃកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធយោធាណាតូនៅទីក្រុងវ៉ាស៊ីនតោន លោកប្រធានាធិបតីអ៊ុយក្រែន បានបន្តអំពាវនាវរកប្រព័ន្ធការពារដែនអាកាសបន្ថែមទៀត ហើយបាននិយាយថាពិភពលោកមានកម្លាំងចាំបាច់ដើម្បីបញ្ឈប់អ្វីដែលលោកហៅថា ភេរវកម្មរុស្ស៊ី។លោកប្រធានាធិបតីអាមេរិក Joe Biden បានហៅការវាយប្រហារនេះថាជា ការរំលឹកដ៏គួរឱ្យរន្ធត់នៃអំពើឃោរឃៅរបស់រុស្ស៊ី។
ការថ្កោលទោសអន្តរជាតិបានកើនឡើង ខណៈអ្នកស្លាប់បានហក់ឡើងនៅមន្ទីរពេទ្យកុមារក្នុងទីក្រុង គៀវ ដែលត្រូវបានវាយប្រហារក្នុងអំឡុងពេលនៃការវាយប្រហារតាមអាកាសដ៏ធំរបស់រុស្ស៊ី។
ចំណែកអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេស រុស្ស៊ី បានច្រានចោលយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់ប្រទេសអ៊ុយក្រែន លើការវាយប្រហារលើមន្ទីរពេទ្យកុមារក្នុងទីក្រុងគៀវ។
សេវាសន្តិសុខ SBU របស់អ៊ុយក្រែនបាននិយាយថា បំណែកមីស៊ីលដែលបានរកឃើញពីកន្លែងកើតហេតុ ក៏ដូចជាទិន្នន័យផ្លូវហោះហើរបានបង្ហាញថា ទីក្រុងមូស្គូបានដាក់គោលដៅទៅលើមន្ទីរពេទ្យកុមារ អូកម៉ាតឌីត (Okhmatdyt) ដោយមីស៊ីលតម្រង់គោលដៅគ្រូស ឃេអេក-101 (Cruise Kh-101) ។ មីស៊ីលបានធ្លាក់ចូលទៅក្នុងអគារកម្ពស់ពីរជាន់ដោយបានសម្លាប់វេជ្ជបណ្ឌិតវ័យ៣០ ឆ្នាំម្នាក់ និងម្តាយរបស់អ្នកជំងឺ៕