មន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បាននិងកំពុងសិក្សាលម្អិតអំពីគម្រោងអភិវឌ្ឍន៍ពង្រីកប្រឡាយលូបឹងត្របែក ដែលអាចជួយដោះស្រាយបញ្ហាជន់លិចទឹកជូនប្រជាពលរដ្ឋរស់នៅតំបន់នោះ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសារធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងថា មន្រ្តីជំនាញបានស្ដារប្រឡាយ លូបឹងត្របែកកាយយកនូវកាកសំណល់ចេញរួចរាល់ ។
លោកបានបញ្ជាក់ទៀតថា ចំពោះប្រឡាយលូបឹងត្របែកនេះ ជំនាញកំពុងសិក្សាបន្ថែមដើម្បីពង្រីកមុខកាត់លូរ ដាក់ទំហំ ៦ម៉ែត្រ និងជម្រៅគឺនឹងមានការប្រែប្រួលទៅតាមស្ថានភាពជាក់ស្តែងដើម្បីរំដោះទឹកពេលមានភ្លៀងធ្លាក់ ជៀសវាងការជន់លិច។ លោកបានលើកឡើងថា មួយរយះចុងក្រោយដើមខែ៦មកនេះ ក្រោយស្ដារប្រឡាយរួច មិនទាន់មានការជន់លិចនោះទេ។
ប្រជាពលរដ្ឋលើកឡើងថា ជារៀងរាល់ឆ្នាំប្រឡាយលូបឹងត្របែកនេះ អោយតែមានភ្លៀងធ្លាក់ខ្លាំង គឺតែងមានការជន់លិច ដែលមិនអាចបើកបរ ឬធ្វើអាជីវកម្មបានឡើយ។ ដូច្នេះក្រោយទទួលបានដំណឹងថា មន្ទីរសាធារណៈការរាជធានីភ្នំពេញ មានគម្រោងអភិវឌ្ឍន៍ផ្លាស់ប្តូរប្រព័ន្ធប្រឡាយលូបែបនេះ ប្រជាពលរដ្ឋ ពួកគាត់មានអារម្មណ៍ត្រេកអរ សប្បាយ៧០ជាខ្លាំង។
ជាមួយគ្នានេះដែរ លោក សាំ ពិសិដ្ឋ ក្នុងនាមជាប្រធានមន្ទីរសាធារណៈការរាជធានីភ្នំពេញ សង្ឃឹម និងជឿជាក់យ៉ាងមុតមាំ ក្រោយពីស្តារប្រឡាយលូបឹងត្របែក និងផ្លាស់ប្តូរលូប្រអប់ខ្នាតធំរួចរាល់ទៀត ប្រាកដណាស់ឆ្នាំក្រោយនឹងដោះស្រាយបញ្ហាលិចទឹកបានជាក់ជាពុំខាន៕ អត្ថបទ ៖ កុម្ភះ



