ភ្នំពេញ : លោកឧកញ៉ា ឆារស៍ វ៉ាន់ អគ្គនាយករងក្រុមហ៊ុនCAIC ជាក្រុមហ៊ុនបានសិទ្ធិសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលនោះ បានស្នើសុំដល់បងប្អូនប្រជាពលរដ្ឋមានក្បាលដីនៅក្នុងព្រលាននេះហើយមិនទាន់ដោះស្រាយជាមួយក្រុមហ៊ុននោះប្រញ៉ាប់មកធ្វើការដោះស្រាយ និងសហការគ្នាឲ្យបានសមរម្យដើម្បីធ្វើយ៉ាងណា ពន្លឿនការសាងសង់នូវព្រលាននេះឲ្យបានឆាប់រហ័សនោះ។
នៅក្នុងឱកាស អញ្ជើញចុះសំណេះសំណាល និងផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋស្ម័គ្រចិត្តដូរដីចំនួនជាង៣០ប័ណ្ណ ក្នុងគម្រោងស្ថាបនាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នាព្រឹកថ្ងៃទី២៥ ខែសីហានេះ លោកឧកញ៉ា ឆារស៍ វ៉ាន់ បានលើកឡើងថា នាពេលនេះមានបងប្អូនប្រជាពលរដ្ឋតិចតួចបំផុត ដែលពួកគាត់មិនទាន់ធ្វើការដោះស្រាយជាមួយក្រុមហ៊ុន ក៏ដូចជាអាជ្ញាធរក្នុងការលក់ដូរ និងដោះដូរដីរបស់ពួកគាត់ដែលកំពុងស្ថិតនៅក្នុងព្រលានយន្តហោះនេះ ខណៈបងប្អូនជាច្រើនបានទទួលយកដំណោះស្រាយស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល និងក្រុមហ៊ុននោះ។
ជាមួយគ្នានោះដែរលោក ឧកញ៉ា ឆារស៍ វ៉ាន់ ក៏បានថ្លែងអំណរអរគុណចំពោះបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមសហការជាមួយក្រុមហ៊ុន ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដោយយល់ព្រមទទួលយកដំណោះស្រាយសមរម្យ និងសមស្របទៅតាមគោលការណ៍កំណត់របស់ក្រុមហ៊ុន ក៏ដូចជាអាជ្ញាធរនាពេលនេះ។
ទាក់ទងនឹងដំណោះស្រាយរវាងបងប្អូនប្រជាពលរដ្ឋ ជាមួយក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះដែរ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ឯកឧត្តមគង់ សោភ័ណ្ឌ បានលើកឡើងថា សព្វថ្ងៃនេះគឺមានបងប្អូនប្រជាពលរដ្ឋ ដែលមានក្បាលដីនៅក្នុងព្រលានយន្តហោះថ្មីចំនួនតិចទួចទៀតតែប៉ុណ្ណោះ ដែលមិនទាន់យល់ព្រម និងចូលរួមដោះស្រាយជាមួយក្រុមហ៊ុន និងអាជ្ញាធរ ខណៈមានបងប្អូនជាច្រើនបានយល់ព្រមសហការ និងលក់ជូនក្រុមហ៊ុន ដើម្បីពន្លឿនក្នុងការសាងសង់ព្រលានយន្តហោះថ្មីខ្នាត់អន្តរជាតិនេះ។
យ៉ាងណាក៏ដោយឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា«រដ្ឋបាលខេត្តនឹងបន្តសម្របសម្រួលជាមួយបងប្អូនប្រជាពលរដ្ឋចំនួន១១គ្រួសារ ដែលក្បាលដីក្នុងផ្លូវយន្តហោះរត់ទី១បន្តទៀត ដើម្បីឲ្យក្រុមហ៊ុនអាចដំណើរការសាងសង់តាមពេលកំណត់។ តែក្រុមហ៊ុន CAICត្រូវត្រៀមទីតាំងដីសម្រាប់ដោះដូរ ហើយមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសូរិយោដីខេត្ត និងរដ្ឋបាលស្រុកកណ្តាលស្ទឹងត្រូវជួយសម្របសម្រួល និងពន្លឿននីតិវិធីក្នុងការចេញប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋ ឲ្យឆាប់តាមដែលអាចធ្វើទៅបាន»។
ឯកឧត្តមបានបន្តទៀតថា បើបងប្អូនប្រជាពលរដ្ឋយល់ព្រមដូដី លក់ដីជូនក្រុមហ៊ុននោះ បងប្អូនប្រជាពលរដ្ឋនឹងទទួលបានដីពិតប្រាកដ និងប្រាក់ស្របទៅតាមគោលការណ៍កំណត់របស់ក្រុមហ៊ុន ក៏ដូចជារាជរដ្ឋាភិបាល ហើយប្រសិនបើក្នុងករណីមិនទទួលបានដូចការអះអាងរបស់ឯកឧត្តមទេ ឯកឧត្តមធានាចេញសងជូនបងប្អូនវិញ។
សូមបញ្ជាក់ថាការបង្កើតគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ គឺជាគោលការណ៍សម្រេចរបស់រាជរដ្ឋាភិបាលលើផ្ទៃដី ២៦០០ហិកតា ក្នុងនោះស្ថិតក្នុងខេត្តកណ្តាលទំហំ២៤២៦ហិកតា និងខេត្តតាកែវ១៧៤ហិកតា។ ក្នុងគម្រោងព្រលានយន្តហោះថ្មីនេះ មានបង្កើតផ្លូវយន្តហោះរត់ចំនួន៣ខ្សែ ក្នុងនោះផ្លូវរត់ទី១៩ Runway)គ្រោងនឹងបញ្ចប់ការស្ថាបនាឲ្យបានមុនត្រីមាសទី១ឆ្នាំ២០២៣ ដោយផ្លូវរត់នេះមានទទឹង១រយម៉ែត្រ បណ្តោយ៤ពាន់មែត្រ ប្រើប្រាស់ផ្ទៃដីចំនួន៤០ហិកតានោះ៕អត្ថបទ : ចក់





