ឆ្មាំល្បាតឆ្នេររបស់ប្រទេសចិន បាននិយាយនៅក្នុងហេតុផលមនុស្សធម៌ថា ខ្លួនបាន «អនុញ្ញាតឱ្យ» ហ្វីលីពីន ជម្លៀសទាហានម្នាក់ដែលបានធ្លាក់ខ្លួនឈឺនៅលើនាវាចម្បាំងដ៏ចំណាស់ដែលចតចោលនៅលើដែនទឹកជម្លោះ សេខិន ថូម៉ាស ស្ហូល (Second Thomas Shoal) នៅក្នុងសមុទ្រចិនខាងត្បូង។

ឆ្មាំល្បាតឆ្នេរចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអង្គារ (០៩ កក្កដា) ថា ខ្លួនបានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ប្រតិបត្តិការទាំងមូលកាលពីថ្ងៃអាទិត្យ ដែលអ្នកនាំពាក្យរបស់ខ្លួនបាននិយាយថា ធ្វើតាមការស្នើសុំពីភាគីពាក់ព័ន្ធនៅហ្វីលីពីន។

គួររំលឹកថា កាលពីមួយខែមុន ឆ្មាំល្បាតឆ្នេរហ្វីលីពីនបានចោទប្រកាន់សមភាគីចិនរបស់ខ្លួនថាបានរារាំងការជម្លៀសផ្នែកវេជ្ជសាស្រ្តចេញពីនាវាចម្បាំងនោះ ដោយហៅសកម្មភាពនេះថា «ព្រៃផ្សៃ និងអមនុស្សធម៌»។ ក្រសួងការបរទេសចិនបាននិយាយនៅថ្ងៃដដែលនោះថា ចិននឹងអនុញ្ញាតឱ្យហ្វីលីពីនផ្តល់ការផ្គត់ផ្គង់ និងជម្លៀសបុគ្គលិក ប្រសិនបើទីក្រុងម៉ានីល ជូនដំណឹងដល់ទីក្រុងប៉េកាំង មុនធ្វើបេសកកម្ម។
ប្រទេសហ្វីលីពីន មានទាហានជាច្រើនដែលឈរជើងលើនាវាចម្បាំងដ៏ចាស់ទ្រុឌទ្រោមនៅលើដែនទឹក សេខិន ថូម៉ាស ស្ហូល ដែលត្រូវទីក្រុងម៉ានីល ចតចោលនៅទីនោះដោយចេតនាដោយក្នុងឆ្នាំ១៩៩៩ ដើម្បីពង្រឹងការទាមទារដែនសមុទ្ររបស់ខ្លួន។ កងទ័ពជើងទឹករបស់ចិន បានប៉ះទង្គិចគ្នាជាច្រើនលើកជាមួយកងកម្លាំងហ្វីលីពីន ដែលកំពុងធ្វើប្រតិបត្តិការផ្គត់ផ្គង់ឡើងវិញដល់នាវាចតចោលនោះ៕