មន្ត្រីចារកម្មអាមេរិកម្នាក់បាននិយាយកាលពីថ្ងៃអង្គារ (០៩ កក្កដា) ថា សហរដ្ឋអាមេរិក មិនបានមើលឃើញថារុស្ស៊ី ផ្លាស់ប្តូរចំណាប់អារម្មណ៍របស់ខ្លួនលើការបោះឆ្នោតប្រធានាធិបតីអាមេរិក ទៅលើអ្នកណាដែលខ្លួនចង់ឱ្យឈ្នះនៅឆ្នាំនេះទេ ដោយចង្អុលបង្ហាញថា ទីក្រុងមូស្គូ ពេញចិត្តនឹងលោក ដូណាល់ ត្រាំ (Donald Trump) មកពីគណបក្សសាធារណរដ្ឋ ឱ្យក្លាយជាអ្នកឈ្នះឆ្នោតម្តងទៀត។

មន្ត្រី ដែលបានប្រាប់អ្នកយកព័ត៌មានពីសន្តិសុខបោះឆ្នោតអាមេរិកនោះ មិនបានបញ្ចេញឈ្មោះអតីតប្រធានាធិបតីរូបនេះនោះទេ នៅពេលត្រូវសាកសួរថា តើនរណាដែលក្រុងមូស្គូចង់ធ្វើជាប្រធានាធិបតីអាមេរិកបន្ទាប់។ ប៉ុន្តែលោកបានបញ្ជាក់ថា រុស្ស៊ីពេញចិត្តលោក Trump ដោយនិយាយថា សហគមន៍ស៊ើបការណ៍ចារកម្មសម្ងាត់អាមេរិក មិនបានផ្លាស់ប្តូរការវាយតម្លៃលើរុស្ស៊ី ពីការបោះឆ្នោតមុនៗទេ។

ការវាយតម្លៃទាំងនោះបានរកឃើញថា ទីក្រុងមូស្គូបានព្យាយាមប្រើឥទ្ធិពលលើយុទ្ធនាការបោះឆ្នោតដើម្បីជួយលោក Trump ឱ្យឈ្នះនៅឆ្នាំ២០១៦ ប្រឆាំងនឹងលោកស្រី ហ៊ីលឡារី ឃ្លីងតុន (Hillary Clinton) និងនៅឆ្នាំ២០២០ ប្រឆាំងនឹងលោកប្រធានាធិបតី ចូ បៃដិន (Joe Biden)។ យុទ្ធនាការលោក Trump បានឆ្លើយតបបញ្ហានោះដោយនិយាយថា លោក Biden ទន់ខ្សោយពេកលើរុស្ស៊ី ដូច្នេះហើយទើបមានសង្រ្គាមអ៊ុយក្រែន។

លោក Trump ជារឿយៗបានរិះគន់ទំហំនៃការគាំទ្រយោធារបស់សហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែន ដែលជាតួលេខប្រហែល ៦០ ពាន់លានដុល្លារចាប់តាំងពីសង្រ្គាមចាប់ផ្ដើមឆ្នាំ២០២២មក ហើយបានហៅប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្ស៊េឡិនស្គី (Volodymyr Zelenskiy) ថាជា «អ្នកលក់ដ៏ពូកែថ្វីមាត់បំផុតដែលមិនធ្លាប់មាន»៕