ក្នុងចន្លោះខែឧសភា ដល់ខែកញ្ញានេះ ជាទូទៅស្ថានភាពទេសចរណ៍កម្ពុជា គឺពុំសូវមានទេសចរជាតិ អន្តរជាតិដើរកម្សាន្តច្រើននោះទេ ដោយសារបញ្ហាមានភ្លៀងច្រើន ដែលគេតែងហៅថាជារដូវ Low Season ហើយបើតាមអ្នកនាំពាក្យក្រសួងទេសចរណ៍ ចរន្តទេសចរអន្តរជាតិមកទស្សនាកម្ពុជា ក្នុងអំឡុងពេលនេះ ហាក់មានកំណើនកើនឡើងគួរគត់សម្កាល់ ប៉ុន្ដែភ្ញៀវមិនសូវធ្វើដំណើរបម្លាស់ទីច្រើននោះទេ។
ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងប្រាប់BTV នៅថ្ងៃទី១០ ខែកក្កដានេះថា កម្ពុជា នៅក្នុងអំឡុងពេលនេះ គឺមានភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា មានកំណើនកើនឡើង ប៉ុន្តែកើនក្នុងកម្រិតទាប និងមិនអាចផ្គត់ផ្គង់តម្រូវការអាជីវកម្មទេសចរណ៍នៅកម្ពុជា បានគ្រប់សេចក្តីតម្រូវការ ខណៈភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនានៅកម្ពុជា ក្នុងអំឡុងពេលនេះដែរ ភាគច្រើនមកទស្សនា ហាក់មិនសូវធ្វើដំណើរបម្លាស់ទីដើរទស្សនាច្រើននោះទេ។
ឯកឧត្តម តុប សុភ័ក បន្តថា នៅក្នុងរដូវកាលទេសចរដើរកម្សាន្តតិចតួចនេះ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍បានសហការជាមួយស្ថាប័នដៃគូ និងវិស័យឯកជន ធ្វើការងារ និងអនុវត្តគោលនយោបាយលើកទឹកចិត្តជាច្រើនដើម្បីជំរុញភាពទាក់ទាញ និងទទួលទេសចរអន្តរជាតិមកទស្សនាកម្ពុជាក្នុងរដូវកាលLow Season និងHigh Seasonឲ្យបានល្អប្រសើរ។
លោកជំទាវ ឆាយ សៀវលីន ប្រធានសមាគមទីភ្នាក់ទេសចរណ៍កម្ពុជា CATA ថ្លែងទទួលស្គាល់ថា រៀងរាល់ឆ្នាំ ទេសចរណ៍កម្ពុជា ពីខែឧសភា ដល់ខែកញ្ញាទូទៅគឺពុំសូវមានទេសចរអន្តរជាតិច្រើននោះទេ ហើយនៅក្នុងឆ្នាំនេះ បើទោះ បណ្តាក្រុមហ៊ុនការីទេសចរណ៍ខិតខិតផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា មានបញ្ចុះតម្លៃកញ្ចប់ផលិតផលទេសចរណ៍ និងផ្តល់ការលើកទឹកចិត្តការដើរកម្សាន្តនានាក៏ដោយ ក៏យើងនៅតែមិនអាចទទួលបានភ្ញៀវច្រើន ដូចក្នុងរដូវ High Season ចាប់ពីខែកញ្ញា រហូតដល់ខែមេសានេះដែរ។
របាយការណ៍ក្រសួងទេសចរណ៍បានឲ្យដឹងថា ក្នុងរយៈពេល៥ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិមកទស្សនាប្រមាណ២លាន៦៤ម៉ឺននាក់កើនឡើង២២% ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ ហើយបើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩ គឺទេសចរអន្តរជាតិមកទស្សនា ងើបឡើងវិញបានប្រមាណ៩០%នោះទេ៕ អត្ថបទ ស៊ុម សុខជា




