សេតវិមាន កាលពីថ្ងៃអង្គារ បានចោទប្រកាន់ទីក្រុងតេអេរ៉ង់ ពីការព្យាយាមទាញយកផលប្រយោជន៍ពីការតវ៉ាទាក់ទងទៅនឹងតំបន់ហ្កាហ្សា នៅក្នុងសហរដ្ឋអាមេរិក ហើយបានចាត់ទុកអាកប្បកិរិយាបែបនេះថា មិនអាចទទួលយកបាន បន្ទាប់ពីការព្រមានរបស់មន្ត្រីចារកម្មជាន់ខ្ពស់សហរដ្ឋអាមេរិកថា ប្រទេសអ៊ីរ៉ង់ កំពុងព្យាយាមបង្កជម្លោះនៅក្នុងសង្គមអាមេរិក។

ការព្រមានដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអង្គារដោយនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ លោក Avril Haines បាននិយាយថា មនុស្សច្រើននាក់ បានជាប់ពាក់ព័ន្ធជាមួយរដ្ឋាភិបាលអ៊ីរ៉ង់ ដែលបានធ្វើជាសកម្មជនតាមបណ្តាញអ៊ីនធឺណិត ព្យាយាមជំរុញទឹកចិត្តដល់ការតវ៉ាទាក់ទងនឹងតំបន់ហ្កាហ្សា ហើយថែមទាំងបានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ក្រុមបាតុករ។

នៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យសេតវិមាន លោកស្រី Karine Jean-Pierre បាននិយាយទៅកាន់អ្នកសារព័ត៌មានថា ប្រជាជនអាមេរិកនៅទូទាំងវិសាលគមនយោបាយ កំពុងប្រព្រឹត្តដោយសុច្ចរិត ព្យាយាមបញ្ចេញទស្សនៈឯករាជ្យផ្ទាល់ខ្លួនលើជម្លោះនៅតំបន់ហ្កាហ្សា ហើយសេរីភាពក្នុងការបញ្ចេញមតិ មានភាពផ្សេងៗគ្នា ធ្វើឡើងដោយសន្តិវិធី ដែលមានសារៈសំខាន់ចំពោះលទ្ធិប្រជាធិបតេយ្យរបស់យើង។
លោកស្រី និយាយថា ក្នុងពេលជាមួយគ្នានេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក មានកាតព្វកិច្ច ព្រមានជនជាតិអាមេរិកអំពីឥទ្ធិពលនិយាយបង្ខូចពីបរទេស ហើយយើងនឹងបន្តបង្ហាញប៉ុនប៉ងធ្វើឱ្យអន្តរាយដល់លទ្ធិប្រជាធិបតេយ្យនៅក្នុងសង្គមរបស់យើងដូចបច្ចុប្បន្ននេះ។ ពុំមានការអត្ថាធិប្បាយភ្លាមៗពីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់នៅឡើយទេ។