អាហ្វហ្គានីស្ថាន៖ ធនាគារពិភពលោកបានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនកំពុងបញ្ឈប់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់អាហ្វហ្គានីស្ថាន ខណៈមានការព្រួយបារម្ភអំពីជោគវាសនារបស់ស្ត្រី ក្រោមការគ្រប់គ្រងរបស់ពួកតាលីបង់។ ព័ត៌មាននេះនឹងក្លាយជាការវាយប្រហារមួយទៀត ចំពោះសេដ្ឋកិច្ចអាហ្វហ្គានីស្ថានដែលពឹងផ្អែកខ្លាំងលើជំនួយបរទេស ហើយកំពុងប្រឈមនឹងការឡើងថ្លៃនៃតម្លៃស្បៀងអាហារ។

អ្នកនាំពាក្យធនាគារពិភពលោក លោកស្រី Marcela Sanchez-Bender បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់សារព័ត៌មាន CNN ថា “យើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពនៅអាហ្វហ្គានីស្ថាន និងផលប៉ះពាល់លើចក្ខុវិស័យអភិវឌ្ឍន៍របស់ប្រទេស ជាពិសេសចំពោះស្ត្រី”។ ធនាគារពិភពលោកបានប្ដេជ្ញាផ្ដល់ថវិកាជាង ៥.៣ពាន់លានដុល្លារសម្រាប់គម្រោងអភិវឌ្ឍន៍នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នេះបើយោងតាមគេហទំព័ររបស់អង្គការនេះ។ មូលនិធិដែលមានឈ្មោះថា ភាពជឿជាក់លើការស្ថាបនាឡើងវិញនៅអាហ្វហ្គានីស្ថាន ដែលគ្រប់គ្រងដោយធនាគារពិភពលោកបានរៃអង្គាសប្រាក់បានជាង ១២,៩ពាន់លានដុល្លារ។
លោកស្រី Sanchez-Bender បាននិយាយថា យើងបានផ្អាកការផ្តល់ប្រាក់នៅក្នុងប្រតិបត្តិការរបស់យើងនៅអាហ្វហ្គានីស្ថាន ហើយយើងកំពុងតាមដាន និងវាយតម្លៃស្ថានភាពយ៉ាងដិតដល់ ស្របតាមគោលនយោបាយ និងនីតិវិធីផ្ទៃក្នុងរបស់យើង។ ធនាគារពិភពលោកបាននិយាយថា ខ្លួននឹងបន្តពិគ្រោះយោបល់ជាមួយសហគមន៍អន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា។ ប្រជាជនអាហ្វហ្គានីស្ថានប្រឈមនឹងការគំរាមកំហែងនៃអតិផរណា បន្ទាប់ពីរូបិយប័ណ្ណរបស់ប្រទេសនេះបានធ្លាក់ចុះដល់កម្រិតទាបបំផុត បន្ទាប់ពីការដួលរលំរបស់រដ្ឋាភិបាលគាំទ្រដោយអាមេរិកនៅរដ្ឋធានីកាប៊ុល៕
អត្ថបទ៖ សុខមាន