យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានឱ្យដឹងថា មនុស្សជាង ១៣០ នាក់ រួមទាំងអ្នកទេសចរត្រូវបានជាប់ខ្លួននៅក្នុងតំបន់ទីបេ (Tibet) ក្បែរព្រំដែនតំបន់ភ្នំហិម៉ាឡៃដ៏រដិបរដុបរបស់ប្រទេសចិន ជាមួយប្រទេសនេប៉ាល់ នៅថ្ងៃពុធ (១០ កក្កដា) នេះបន្ទាប់ពីភ្លៀងធ្លាក់ឥតឈប់ឈរបានធ្វើឱ្យមានបំណាក់ដី និងទឹកជំនន់ ដែលកាត់ផ្តាច់បណ្ដាញផ្លូវថ្នល់។

ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ផ្នែកជាច្រើននៃផ្លូវហាយវ៉េដ៏សំខាន់មួយឆ្ពោះទៅកាន់ទីប្រជុំជនទីបេ ដាច់ស្រយាល ចិនថាង (Zhentang) ត្រូវបានបំផ្លាញដោយទឹកជំនន់ ឬត្រូវបានរារាំងដោយបំណាក់ដី ស្របពេលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃអាទិត្យមក។

រហូតមកដល់ពេលនេះ មនុស្ស ៣៤២ នាក់ដែលជាប់គាំងត្រូវបានជម្លៀសទៅកាន់ក្រុងផ្សេងទៀតដោយក្រុមអ្នកជួយសង្គ្រោះ ប៉ុន្តែយ៉ាងហោចណាស់ ១៣០ នាក់ រួមទាំងអ្នកទេសចរនៅតែជាប់ខ្លួននៅក្នុងតំបន់ជុំវិញក្រុង ចិនថាង ដោយសារតែផ្លូវខូចខាត ភ្លៀងធ្លាក់ខ្លាំង និង «កង្វះកម្លាំងកាយ» ដោយសារតែផ្លូវត្រូវឆ្លងកាត់ឆ្ងាយខ្លាំងពេក។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានព្រមានថា ព្យុះនៅក្នុងតំបន់រហូតដល់ថ្ងៃព្រហស្បតិ៍ នឹងបង្កើត «កម្រិតនៃការលំបាកកាន់តែខ្លាំង» ក្នុងការងារជួយសង្គ្រោះ។ យោងតាមការព្យាករអាកាសធាតុជាតិបានឱ្យដឹងថា ភ្លៀងធ្លាក់ពីកម្រិតមធ្យមទៅខ្លាំង ត្រូវបានគេរំពឹងថានឹងកើតមាននៅក្នុងភាគនិរតីនៃប្រទេសចិន រួមទាំងផ្នែកខ្លះនៃតំបន់ទីបេ ខេត្តស៊ីឈួន (Sichuan) និងខេត្ត យ៉ុនណាន (Yunnan)៕