សហជីពកម្មករនៅក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស សែមសុង អេឡិចត្រូនិកស៍ (Samsung Electronics) នៅកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃពុធ (១០ កក្កដា) នេះថា ខ្លួននឹងបន្តធ្វើកូដកម្មដោយគ្មានកំណត់ ដោយបង្កើនយុទ្ធនាការរបស់ខ្លួនដើម្បីទាមទារប្រាក់ឈ្នួលខ្ពស់ជាងមុន និងអត្ថប្រយោជន៍កាន់តែប្រសើរឡើង។

សហភាព Samsung អេឡិចត្រូនិកស៍ជាតិ (NSEU) ដែលមានសមាជិកប្រហែល ៣០.០០០ នាក់បង្កើតបានស្ទើរតែមួយភាគបួននៃកម្លាំងពលកម្មរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ បាននិយាយថា ខ្លួនបានសម្រេចចិត្តបន្តធ្វើកូដកម្ម ដោយសារតែថ្នាក់គ្រប់គ្រងមិនបានបង្ហាញបំណងចរចា បន្ទាប់ពីកូដកម្មដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទ។

សហជីពបាននិយាយថា ខ្លួននឹងបន្តរយៈពេលធ្វើកូដកម្ម ដែលដំបូងឡើយគ្រោងនឹងមានរយៈពេលបីថ្ងៃប៉ុណ្ណោះរហូតដល់ថ្ងៃពុធនេះ។ លោក លី ហ្យ៉ុនគុក (Lee Hyun-kuk) អនុប្រធានសហជីពបានប្រាប់សារព័ត៌មានរ៉យទ័រថា កូដកម្មបានរំខានដល់ដំណើរការផលិតនៃបណ្ដាញបន្ទះឈីបមួយចំនួន ប៉ុន្តែក្រុមហ៊ុន Samsung បាននិយាយថា កូដកម្មមិនបានបង្កការរំខានអ្វីឡើយក្នុងអំឡុងពេលបីថ្ងៃដំបូងនេះ។

លោក Lee បាននិយាយថា កម្មករប្រហែល ៦.៥០០ នាក់បាននិងកំពុងចូលរួមក្នុងកូដកម្ម ហើយថាសហជីពនឹងលើកទឹកចិត្តឱ្យមានសមាជិកបន្ថែមទៀតចូលរួម។ ក្រុមអ្នកវិភាគបាននិយាយថា វានឹងពិបាកក្នុងការផ្ទៀងផ្ទាត់ថាតើកូដកម្មនេះបានរំខានដល់ផលិតកម្មដែរឬអត់ណាស់ លុះត្រាតែសហជីពផ្តល់ព័ត៌មានលម្អិតថាតើប៉ះពាល់យ៉ាងដូចម្ដេច៕