បាល់ទាត់៖ ខ្សែការពារស្លាបស្តាំអ៊ីតាលី Davide Zapacosta បានចាកចេញពីក្រុមតោខៀវ Chelsea ទៅចូលរួមជាមួយក្លិបចាស់របស់ខ្លួន Atalanta ជាលើកទី៣ ក្នុងតម្លៃ ៨លានផោន។ កីឡាករវ័យ ២៩ឆ្នាំរូបនេះដំបូងជាកីឡាកររបស់ Atalanta នៅឆ្នាំ២០១១ មុនពេលចាកចេញទៅកាន់ Avellino នៅឆ្នាំ២០១២ មុនពេលត្រលប់មក Atalanta វិញនៅឆ្នាំ២០១៤។

បន្ទាប់ពីចាកចេញទៅកាន់ Torino, Davide Zapacosta បានមកដល់ Chelsea នៅឆ្នាំ២០១៧ ក្នុងតម្លៃ ២៨លានអឺរូតែបង្ហាញខ្លួនបានតែ ២៦ប្រកួតនៅ Premier League ប៉ុណ្ណោះ ហើយក៏ត្រូវបានបញ្ចេញឱ្យ Roma និង Genoa ខ្ចីពីររដូវកាលជាប់គ្នា។ ការចាកចេញរបស់ Zapacosta នៅពេលនេះធ្វើឱ្យចំនូលនៃការលក់កីឡាកររបស់ Chelsea នៅពេលនេះឡើងដល់ ៩៨.៤លានផោនបន្ទាប់ពីលក់ចេញ Tammy Abraham ទៅកាន់ Roma តម្លៃ ៣៤លានផោន, ខ្សែការពារ Fikayo Tomori ទៅ AC Milan តម្លៃ ២៥លានផោន, ខ្សែការពារ Marc Guehi ទៅកាន់ Crystal Palace តម្លៃ ១៨លានផោន, ខ្សែប្រយុទ្ធ Uche Agbo តម្លៃ ៥លានផោនទៅ Genk និង Zapacosta នេះ ៨លានផោន។ មិនទាន់ចប់ទេ Chelsea គ្រោងលក់ចេញកីឡាករបន្ថែមទៀតគឺ Kurt Zouma ដែលកំពុងចរចាចាកចេញទៅ West Ham តម្លៃ ២៦លានផោន៕
អត្ថបទ៖នាង សុភាវុធ