ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្រ្តីក្រសួងផែនការនៅព្រឹកថៃ្ងទី១០ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង មកកាន់វិមានរដ្ឋសភា ដើម្បីជម្រាបជូនគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម (គណៈកម្មការទី៣) នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការទី៣ និងឯកឧត្តម លោកជំទាវ ជាតំណាងគណៈកម្មការជំនាញទាំង១០ នៃរដ្ឋសភា អំពីវឌ្ឍនភាពការងារ ផែនការសកម្មភាព និងលទ្ធផលនៃការអនុវត្តន៍ផែនការយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ពាក់ព័ន្ធនឹងវិស័យផែនការ។

ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ គឺធ្វើឡើងក្នុងគោលបំណងសិក្សាស្វែងយល់អំពីវិស័យការងារ ដែលជាសមត្ថកិច្ចទទួលខុសត្រូវរបស់គណៈកម្មការទី៣ នៃរដ្ឋសភា និងជាការរួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ដើម្បីជំរុញការអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ឱ្យមានប្រសិទ្ធភាព។

ក្នុងឱកាសនោះ ឯកឧត្តម ប៊ិន ត្រឈៃ បានជម្រាបជូនគណៈកម្មការជំនាញរដ្ឋសភា អំពីវឌ្ឍនភាពការងារ ផែនការសកម្មភាព និងលទ្ធផលនៃការអនុវត្តន៍យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងការអនុវត្តន៍ច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ក្នុងនោះក្រសួងផែនការ បានយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យផែនការ ស្ថិតិ និងប្រជាជននិងការអភិវឌ្ឍន៍ ដែលសម្រេចបានវឌ្ឍនភាពការងារថ្មីៗបន្ថែមទៀត ជូនរាជរដ្ឋាភិបាល និងជាឧត្តមប្រយោជន៍សម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពប្រជាជន ព្រមទាំងកសាងសង្គមឱ្យមានភាពរីកចម្រើនប្រកបដោយវិបុលភាព ផាសុខភាព និងសុភមង្គល ។

ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា ក្រសួងផែនការក៏មានតួនាទីដឹកនាំ និងសម្របសម្រួលជាមួយស្ថាប័នផ្សេងៗ ក្នុងការត្រួតពិនិត្យនូវការអនុវត្តន៍ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ រៀបចំវិធីសាស្រ្តធ្វើជំរឿនអង្កេត និងការអនុវត្តន៍ធ្វើជំរឿនប្រជារាស្រ្ត សេដ្ឋកិច្ច និងសង្គមកិច្ចផងដែរ។ ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណឱ្យសម្រេចតាមគោលបំណងដែលបានរំពឹងទុក ក្រសួងផែនការកំពុងរៀបចំផែនការយុទ្ធសាស្រ្តច្បាស់លាស់មួយ សម្រាប់តម្រង់ទិសដល់ការអនុវត្តន៍តួនាទីរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព។

ក្រោយពីបានស្តាប់នូវសេចក្តីរាយការណ៍របស់ឯកឧត្តម ប៊ិន ត្រឈៃ រួចមក ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងផែនការ ហើយឯកឧត្តមមានជំនឿជឿជាក់ថា ឯកឧត្តមរដ្ឋមន្រ្តីក្រសួងផែនការ ពិតជាមានសមត្ថភាពដឹកនាំក្រសួង ដើម្បីទទួលបានវឌ្ឍនភាពថ្មីៗបន្ថែមទៀត ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់អាទិភាពគន្លឹះទាំង៥នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាគឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា” ជាពិសេសគឺ “បច្ចេកវិទ្យាឌីជីថល”៕





