កូនខ្មែរមួយរូប ពីកម្មករក្លាយទៅជាសហគ្រិនឆ្នើម បានបង្កើតអាជីវកម្មប្រកបដោយភាពជោគជ័យ និងបានកំពុងស្រូបយក សក្តានុពលក្នុងស្រុក សម្រាប់បម្រើការកែច្នៃចេញ ជាពិសេសបានកំពុងរួមចំណែកបង្កើតការងារ និងប្រាក់ចំណូលក្នុងសហគមន៍ ។
លោក ហង់ សុឃឿន ម្ចាស់សិប្បកម្មកែច្នៃស្បែកក្រពើរ និងស្បែកគោ នៅឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ថ្លែងប្រាប់ BTV អំពីការកែច្នៃស្បែកចេញជាផលិតផលសម្រេចផ្សេងៗ នេះថា ពីមុនរូបលោកគឺជាអតីតកម្មករោងចក្រនៅក្នុងប្រទេសថៃ បានធ្វើ ការងារនៅប្រទេសនោះ អស់រយៈពេលជាង ១១ឆ្នំា ។ នៅពេលត្រឡប់មកស្រុកកំណើតវិញ លោកបានសាកល្បងកែច្នៃផលិតផលចេញពីស្បែកគោ ដោយស្នាដៃបំបូងនាពេលនោះ គឺបានកែច្នៃកាបូប និងស្បែកជើង ដើម្បីចែកជូនបងប្អូនប្រើប្រាស់ បន្ទាប់មកក៏មាន ការកោតសរសើរអំពីស្នាដៃនៃការផលិត និងបានផ្ទុះការគាំទ្រពីប្រជាពលរដ្ឋជាបណ្តើរៗ ដែលប្រការនេះ បានក្លាយជាកំលាំងចិត្ត ដ៏ធំដល់រូបលោក នៃការកែច្នៃផលិតផលចេញពីស្បែកនេះ។
លោក បន្តថា ដោយមើលឃើញសក្តានុពលក្នុងស្រុក លោកក៏បានចាប់ផ្តើមបើកសិប្បកម្មជាផ្លូវការនៅឆ្នំា២០២១ ក្នុងនោះ ក្រៅពីការកែច្នៃចេញពីស្បែកគោ ដោយមើលឃើញកម្ពុជាគឺជាប្រទេសមួយដែលមានការចិញ្ចឹមសសត្វក្រពើរច្រើន រួមផ្សំនិងចំណេះ ជំនាញដែលមានខ្លះៗ នៅពេលរូបលោកទៅធ្វើការរោងចក្រដេរស្បែកជើងនៅប្រទេសថៃនោះ លោកក៏បានចាប់ផ្តើមសាកល្បងកែច្នៃ ស្បែកក្រពើចេញជាផលិតផលជាច្រើនដូចជា៖ កាបូបបត់ កាបូបស្ពាយ ស្បែកជើង និងខ្សែក្រវ៉ាត់ជាដើម មកដល់បច្ចុប្បន្ន សិប្បកម្ម របស់លោកស្ទើរតែធ្វើមិនទាន់ ទៅតាមការកម្ម៉ង់របស់ប្រជាពលរដ្ឋ ។ បញ្ហានេះលោកកំពុងពិចារណា ក្នុងការពង្រីកអាជីវកម្មឲ្យបាន កាន់តែធំ ដើម្បីជំរុញការកែច្នៃឲ្យបានច្រើន ដើម្បីបង្កើតប្រាក់ចំណូលនៅក្នុងសហគមន៍ តាមរយៈការផ្តល់ការងារ និងចំណេះជំនាញ ជូនដល់ពួកគាត់។
ជុំវិញប្រាក់ចំណូលវិញ, លោក ហង់ សុឃឿន ថ្លែងឲ្យដឹងថា សម្រាប់ការកែច្នៃចេញពីផលិតផលស្បែក មកដល់បច្ចុប្បន្ន អាជីវកម្មរបស់លោកអាចរកចំណូលបានចាប់ពី ៨០០ រហូតដល់ជាង ២០០០ដុល្លារអាម៉េរិក ក្នុងមួយខែៗ ហើយលោករំពឹងថា នៅពេលខាងមុខ អាជីវកម្មនេះនឹងអាចរកចំណូលបានកាន់តែបានច្រើននៅក្នុងសហគមន៍ តាមរយៈនៃការជំរុញកែច្នៃចេញជាផលិត ផលថ្មីៗបន្ថែមទៀត។
សូមបញ្ជាក់ថា ជុំវិញផលិតផលស្បែកនេះ បើតាមរបាយការណ៍គយ និងរដ្ឋាករ នៅក្នុងរយៈពេល ៥ ខែ ក្នុងឆ្នាំ ២០២៤ នេះ កម្ពុជាបាននាំចេញផលិតផលស្បែក, ស្បែកជាប់រោម, និងស្បែកសិប្បនិម្មិតជាដើម មានទំហំទឹកប្រាក់ជាង ១១០ លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ២៥ ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំ ២០២៣៕ អត្ថបទ៖ សុន រ៉ាឌី