កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ នាយករងរដ្ឋបាលខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ខ័ណ្ឌរដ្ឋបាលជលផលខេត្ត អាជ្ញាធរភូមិឃុំស្រុក នាយកសាលា ប្រជាពលរដ្ឋ បានសំណូមពរតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ចំណាត់ការទៅលើជនសង្ស័យ៤នាក់ ដែលមិនបានចូលខ្លួនបំភ្លឺ ក៏ដូចជាដោះស្រាយតាមនីតិវិធី ក្រោយពួកគាត់ទាំង៤នាក់ បានរងការចោទប្រកាន់២សំណុំរឿងពីអាជ្ញាធរភូមិឃុំស្រុក និងនាយកសាលា ប្រជាពលរដ្ឋក្នុងភូមិពីបទ «ក្លែងបន្លំឯកសារសាធារណៈ ប្តឹងបរិហារកេរ្តិ» រួមនិងបណ្តឹងរបស់ខ័ណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងពីរឿង «ដុតព្រៃលិចទឹក» ក្នុងភូមិសាស្រ្តភូមិកំពង់រាំង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ក្រោយពីប្រជុំស្តាប់ការបកស្រាយរបស់អាជ្ញាធរភូមិឃុំស្រុក ខ័ណ្ឌរដ្ឋបាលជលផល និងប្រជាពលរដ្ឋ លោក ខឹម ចាន់នឿន នាយករងរដ្ឋបាលខេត្តកំពង់ឆ្នាំង បានសំណូមពរដល់តំណាងអយ្យការសាលាដំបូងខេត្តកំពង់ឆ្នាំង ជួយចំណាត់ការរឿងនេះតាមផ្លូវច្បាប់ ក្រោយពីកោះហៅជនសង្ស័យទាំង៤នាក់មិនព្រមចូលរួមឆ្លើយពីរឿង«ក្លែងបន្លំឯកសារសាធារណៈ ប្តឹងបរិហារកេរ្តិ» និងរឿង «ដុតព្រៃលិចទឹក» ជាមួយអាជ្ញាធរនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤នេះ។
លោកមេភូមិកំពង់រាំង នាយកសាលាបឋមសិក្សាកំពង់រាំង ប្រជាពលរដ្ឋភូមិកំពង់រាំង ឃុំស្វាយជ្រុំ បានសំណូមពរដល់តំណាងអយ្យការផងដែរ អោយជួយចំណាត់ការផ្លូវច្បាប់ចំពោះជនសង្ស័យទាំង៤នាក់ដែលបានរំលោភយកដីសាលាបឋមសិក្សាកំពង់រាំង និងដីប្រជាជនមួយចំនួនទៀត និងបានក្លែងបន្លំឯកសារសាធារណៈ ប្តឹងបរិហារកេរ្តិ ជាដើម។
ចំណែកខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងវិញ បានប្តឹងជនសង្ស័យម្នាក់ ក្នុងចំណោម៤នាក់នោះ ទៅតុលាការដែរ ដោយបានចោទប្រកាន់ពីបទ «ដុតព្រៃលិចទឹក» និងបានសំណូមពរអោយតំណាងអយ្យការខេត្ត ត្រូវដកហូតដីព្រៃលិចទឹកក្នុងតំបន់២នោះមកអោយខ័ណ្ឌរដ្ឋបាលជលផលគ្រប់គ្រងរក្សាជាសម្បត្តិរដ្ឋវិញ និងចាត់ការជនសង្ស័យតាមផ្លូវច្បាប់។
ពាក់ព័ន្ធនឹងសំណុំរឿងទាំង២ខាងលើនេះ ដែលបានចោទប្រកាន់ដល់ជនសង្ស័យ៤នាក់ខាងលើ លោក គី រតនា ជាជនសង្ស័យម្នាក់ក្នុងចំណោម៤នាក់បានប្រាប់ថា៖ លោកមិនអាចចូលខ្លួនតាមកិច្ចប្រជុំរបស់តំណាងអយ្យការ និងអាជ្ញាធរខេត្តកំពង់ឆ្នាំងនោះទេ ព្រោះគាត់មិនបានទទួលព័ត៌មាននេះឡើយ តើអោយលោកធ្វើយ៉ាងម៉េច? ៕ ដោយ ៖ កាំង ហុងវាស្នា









