ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអំពាវនាវដល់ប្រទេសជាមិត្តទាំងអស់ និងសហគមន៍អន្តរជាតិ បន្តជួយផ្តល់ជំនួយបន្ថែមទៀត និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ឱ្យអស់ពីទឹកដីកម្ពុជាត្រឹមឆ្នាំ២០២៥ខាងមុខ ស្របតាមចក្ខុវិស័យដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជានោះ។
ការអំពាវនាវរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ដូចនេះគឺបានធ្វើឡើងនាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១នេះក្នុងកិច្ចប្រជុំក្រុមការងារ បច្ចេកទេសចម្រុះរាជរដ្ឋាភិបាលដៃគូអភិវឌ្ឍន៍លើវិស័យមីន (TWG-MA) តាមរយៈប្រពន្ធវីដេអូពីចម្ងាយ ដោយមានការចូលរួមពីភ្នាក់ងារអន្តរជាតិ តំណាងដៃគូអភិវឌ្ឍន៍ ក្រសួង/ស្ថាប័នពាក់ព័ន្ធ តំណាងអង្គទូតប្រចាំនៅកម្ពុជា និងប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ និងគណៈកម្មាធិការសកម្មភាពមីនរាជធានី-ខេត្តនានាផងដែរ។
ឯកឧត្តមបានថ្លែងដូចនេះថា «ក្នុងសម្តេចតេជោ នាយករដ្ឋមន្រ្តី សូមអំពាវនាវឲ្យប្រទេសជាមិត្ត និងសហគមន៍ផ្តល់ជំនួយបន្តចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែង បោសសម្អាតមីនដើម្បីអភិវឌ្ឍន៍ និងកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ព្រមទាំង ចូលរួមកំទេចគ្រាប់មីនឱ្យអស់ពីទឹកដីកម្ពុជាត្រឹមឆ្នាំ២០២៥ខាងមុខ ស្របតាមចក្ខុវិស័យដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញក្នុងផែនការ យុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥»។
ជាមួយគ្នានោះដែរឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ប្រទេសជាមិត្ត និងសហគមន៍ម្ចាស់ជំនួយរួមមាន សហរដ្ឋអាមេរិក ជប៉ុន ចិន អង់គ្លេស អូស្ត្រាលី អាល្លឺម៉ង នូវែលហ្សឺឡង់ សាធារណរដ្ឋកូរ៉េ កាណាដា ស្វីស ន័រវែស ឥណ្ឌា បារាំង អៀឡង់ បែលហ្សិក អូទ្រីស អេស្ប៉ាញ ស៊ុយអែត ហុងគ្រី UNDP និងUNICEF ព្រមទាំងមូលនិធិ អង្គការសង្គមស៊ីវិល និងសប្បុរសជន ដែលតែងតែគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា។
ឯកឧតង្តមទេសរដ្ឋមន្ត្រីបន្តទៀតថា ការចូលរួមដ៏សប្បុរសនេះ គឺជាការបង្ហាញនូវសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ ដែលបានមកពីការរួមចំណែក ក្នុងការធ្វើឱ្យមានការផ្លាស់ប្តូរ ចំពោះសុខសុវត្ថិភាព សន្តិសុខ និងការរស់នៅរបស់ប្រជាជនកម្ពុជា ដែលងាយរងគ្រោះ និងកំពុងរស់នៅក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយមីន៕អត្ថបទ ៖ ចក់







