
បេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ គឺលោក Donald Trump បានបង្កើនការវាយប្រហារ លើអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris នៅឯការជួបជុំមួយ នៅក្បែរទីក្រុង Miami កាលពីថ្ងៃអង្គារ (ទី៩ ខែកក្កដា) ដោយព្យាយាមបង្ខូចកេរ្តិ៍ឈ្មោះរបស់លោកស្រី ខណៈដែលគណបក្សប្រជាធិបតេយ្យកំពុងប្រទាញប្រទង់គ្នាថា តើប្រធានាធិបតីអាមេរិក លោក Joe Biden គួរតែបន្តប្រកួតប្រជែងដែរ ឬយ៉ាងណា។
អំឡុងពេលនិយាយនៅឯក្លឹបវាយកូនហ្គោលរបស់លោក ក្នុងទីក្រុង Doral រដ្ឋ Florida លោក Trump នៅតែមិនបង្ហើបពីគម្រោងនៃការជ្រើសរើសមិត្តរួមតំណែងដដែល បើទោះបីជាលោកបានពិនិត្យជាច្រើនដងនូវឈ្មោះសមាជិកព្រឹទ្ធសភារដ្ឋ Florida គឺលោក Marco Rubio ដែលបានចូលរួម និងជាគូប្រកួតប្រជែងឈានមុខគេ សម្រាប់តួនាទីនេះក៏ដោយ។

ដោយនៅលើវេទិកាជិត ១ម៉ោង នាពេលរាត្រីក្ដៅខ្លាំង លោក Trump បានរិះគន់លោក Biden វ័យ ៨១ឆ្នាំអំពីការធ្វើមិនបានល្អ ក្នុងការជជែកដេញដោល កាលពីថ្ងៃទី២៧ ខែមិថុនា ដែលបានជំរុញឲ្យមានការព្រួយបារម្ភអំពីសុខភាពផ្លូវចិត្តរបស់លោក សម្រាប់តំណែង និងការអំពាវនាវពីគណបក្សប្រជាធិបតេយ្យមួយចំនួនឲ្យលោកទម្លាក់ចោលការប្រកួតប្រជែង។
ហើយនៅក្នុងការនិយាយបែបចំអកមួយទៀត លោក Trump បានហៅជម្រើសរបស់លោក Biden ក្នុងការជ្រើសរើសលោកស្រី Harris ជាអនុប្រធានាធិបតីទី១ ដែលជាស្ត្រី និងមានស្បែកខ្មៅដំបូងគេថា ជា «ការសម្រេចចិត្តដ៏អស្ចារ្យមួយ» របស់លោក ដោយបញ្ជាក់ថា លោកស្រីមិនមានសមត្ថភាពនោះទេ ទើបគណបក្សប្រជាធិបតេយ្យស្ទាក់ស្ទើរក្នុងការយកមកជំនួសលោក Biden ក្នុងនាមជាបេក្ខជនទី១ នោះ។
លោក Trump ក៏បានចោទប្រកាន់លោកស្រី Harris ដែលអតីតសមាជិកព្រឹទ្ធសភាអាមេរិក និងជារដ្ឋមន្ត្រីយុត្តិធម៌ប្រចាំរដ្ឋ California ថា បានធ្វើការជាមួយគណបក្សប្រជាធិបតេយ្យផ្សេងទៀត ដើម្បីបិទបាំងការចោទប្រកាន់ពីបញ្ហាផ្លូវចិត្តរបស់លោក Biden៕