
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol កាលពីថ្ងៃអង្គារ (ទី៩ ខែកក្កដា) បាននិយាយថា ពាណិជ្ជកម្មអាវុធរបស់កូរ៉េខាងជើងជាមួយរុស្ស៊ី គឺជាការគំរាមកំហែងដល់សន្តិភាពពិភពលោក ហើយកម្លាំង និងសម្ព័ន្ធភាព ក្នុងចំណោមប្រទេសប្រជាធិបតេយ្យសេរី គឺមានសារៈសំខាន់ណាស់ ចំពោះការការពារសេរីភាពពី «កត្តាដ៏គ្រោះថ្នាក់នេះ»។
ការិយាល័យរបស់លោកប្រធានាធិបតី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Yoon បានធ្វើការអត្ថាធិប្បាយបែបនេះ នៅរដ្ឋ Hawaii ជាកន្លែងដែលលោកបានពិភាក្សាអំពីសារៈសំខាន់នៃជំហរការពាររួមបញ្ចូលគ្នានៃកងកម្លាំងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងជាមួយមេបញ្ជាការនៃកងបញ្ជាការឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក គឺលោកឧត្តមនាវីឯក Samuel Paparo។

នៅក្នុងសុន្ទរកថារបស់លោកទៅកាន់មេដឹកនាំយោធា និងកងទ័ពអាមេរិក លោក Yoon បាននិយាយថា៖ «កូរ៉េខាងជើងគំរាមកំហែងសន្តិភាពមិនត្រឹមតែនៅឧបទ្វីបកូរ៉េប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដល់ពិភពលោកទៀតផង ដោយការជួញដូរអាវុធខុសច្បាប់ជាមួយរុស្ស៊ី»។
លោក Yoon បានបន្ថែមទៀតថា ការព្រួយបារម្ភ ជុំវិញការបង្កើនយោធារបស់កូរ៉េខាងជើង មានកាន់តែធំទៅៗ បន្ទាប់ពីប្រទេសនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយរុស្ស៊ី កាលពីខែមិថុនា ដែលក្នុងនោះរួមមានទាំងកិច្ចព្រមព្រៀងការពារទៅវិញទៅមកផងដែរ។
គួរបញ្ជាក់ថា លោក Yoon បានឈប់សំចតនៅរដ្ឋ Hawaii ក្នុងដំណើររបស់លោកទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការណាតូ ដែលតំណាងឲ្យដៃគូមួយ ក្នុងចំណោមដៃគូអាស៊ី-ប៉ាស៊ីហ្វិកចំនួន៤៕