
តំណាងអចិន្ត្រៃយ៍រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក វ៉ាស៊ីលី ណេបេនហ្ស៊ា(Vasily Nebenzya) បានប្រាប់អ្នកយកព័ត៌មានដោយឆ្លើយទៅនឹងសំណួររបស់សារព័ត៌មានTASS ថា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) បានបង្ហាញស្តង់ដាទ្វេដង ក្នុងប្រតិកម្មរបស់ខ្លួនចំពោះឧប្បត្តិហេតុចុងក្រោយបង្អស់ដែលមីស៊ីល បានវាយប្រហារមន្ទីរពេទ្យក្នុងទីក្រុង គីវ។
លោក ណេបេនហ្ស៊ា បាននិយាយថា៖«ខ្ញុំបានទៅជួបលោកអគ្គលេខាធិការ UN បន្ទាប់ពីមានការវាយប្រហារដោយមីស៊ីលនោះ ហើយបានផ្តត់ឲ្យគាត់នូវសម្តីដកស្រង់ដូចគ្នា ដែលខ្ញុំកំពុងអានជូនអ្នកស្តាប់ ដោយប្រាប់គាត់ថា ទាំងនេះ គឺជាស្តង់ដាពីរយ៉ាងច្បាស់លាស់ នៅពេលដែលទឹកដីរុស្ស៊ី ត្រូវបានវាយលុក ហើយគោលដៅស៊ីវិល ត្រូវបានវាយប្រហារ ប្រតិកម្មនោះ គឺមិនច្បាស់ទេ ប៉ុន្តែនៅពេលដែលមានអ្វីមួយកើតឡើង នៅអ៊ុយក្រែន លោក អគ្គលេខាធិការUN និងអ្នកនាំពាក្យរបស់គាត់ បានប្រញាប់ប្រញាល់ថ្កោលទោសរុស្ស៊ីភ្លាមៗ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ៨ ខែកក្កដា លោក ហ្គុយតឺរេស បានធ្វើសេចក្តីថ្លែងការណ៍មិនសមហេតុផលថា រុស្ស៊ីបានធ្វើការវាយប្រហារលើមូលដ្ឋានស៊ីវិល នៅអ៊ុយក្រែន។ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៩ ខែកក្កដា អ្នកនាំពាក្យរបស់គាត់ លោក Stephane Dujarric បាននិយាយថា ទោះបីជារុស្ស៊ីបដិសេធក៏ដោយ ក៏អង្គការនេះ នៅតែបន្តប្រកាន់ខ្ជាប់នូវមតិពីមុនរបស់ខ្លួនដែរ។
អ៊ុយក្រែន បានចោទរុស្ស៊ីពីបទវាយប្រហារគោលដៅជនស៊ីវិល ក្នុងទីក្រុងគីវ ជាពិសេសមន្ទីរពេទ្យ Okhmadit។ ចំណែកទីក្រុងមូស្គូ បានបដិសេធការចោទប្រកាន់ទាំងនេះថា ជារឿងមិនពិត ហើយបាននិយាយថា មន្ទីរពេទ្យនេះ ត្រូវបានវាយប្រហារដោយមីស៊ីលការពារដែនអាកាសរបស់អ៊ុយក្រែនទៅវិញ។