ភ្នំពេញ ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អមដោយតំណាងគណៈប្រតិភូអចិន្ត្រៃយ៍នៃព្រះរាជាណចក្រកម្ពុជាប្រចាំនៅអង្គការយូណេស្កូ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ បានជួបប្រជុំពិភាក្សាការងារ ជាមួយលោកស្រីបណ្ឌិត Mechtild ROSSLER នាយិកានៃមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក និងលោកបណ្ឌិត Jing Feng ប្រធានការិយាល័យ តំបន់អាស៊ី និង ប៉ាស៊ីហ្វិក នៅទីស្នាក់ការកណ្តាលអង្គការយូណេស្កូ នាទីក្រុងប៉ារីស។
កិច្ចប្រជុំបានពិភាក្សាផ្តោតទៅលើបញ្ហាសំខាន់ៗមួយចំនួនរួមមាន ៖
១-ប្រធានបទនានាដែលទាក់ទងជាមួយមហាសន្និបាទលើកទី៤១ នៃអង្គការយូណេស្កូ ដែលនឹងត្រូវរៀបចំឡើងនៅចុងខែវិច្ឆិកា ឆ្នាំ២០២១ នាទីក្រុងប៉ារីស
២-វឌ្ឍនភាពនៃដំណើរការត្រៀមចុះតំបន់ប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅឆ្នាំ២០២២
៣-កិច្ចអភិរក្សនៃប្រាង្គប្រាសាទនៅព្រះរាជាណាចក្រកម្ពុជា ក្នុងបរិបទនៃការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ និងការងារសំខាន់ៗ មួយចំនួនទៀតទាក់ទងនឹងរមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោក។
នៅក្នុងកិច្ចពិភាក្សានេះ ថ្នាក់ដឹកនាំ និង មន្ត្រីនៃមជ្ឈមណ្ឌល បេតិកភណ្ឌពិភពលោក បានយកចិត្តទុកដាក់សហការ ប្រឹក្សាយោបល់ និងចែករំលែកបទពិសោធន៍ ជាមួយលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងគណៈប្រតិភូកម្ពុជា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់៕ អត្ថបទ ៖ រដ្ឋា


