
ប្រទេសម៉ាឡេស៊ីនិយាយនៅថ្ងៃពុធនេះថា ខ្លួននឹងបញ្ចប់ផែនការ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពេញលេញជាមួយសិង្ហបុរី ដើម្បីអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសរវាងប្រទេសទាំង ២នៅខែកញ្ញាខាងមុខនេះ ។
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចម៉ាឡេស៊ីលោក Rafizi Ramli និយាយថា កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនឹងត្រូវចុះហត្ថលេខា មុនវិស្សមកាលប្រចាំឆ្នាំ រវាងមេដឹកនាំសិង្ហបុរី និងម៉ាឡេស៊ី នាចុងឆ្នាំនេះ ។

សំណើរសម្រាប់កិច្ចព្រមព្រៀងតំបន់សេដ្ឋកិច្ចពិសេសម៉ាឡេស៊ី-សិង្ហបុរី នឹងរួមបញ្ចូលប្រព័ន្ធត្រួតពិនិត្យការធ្វើអន្តោប្រវេសន៍គ្មានលិខិតឆ្លងដែន ក៏ដូចជាកិច្ចសហប្រតិបត្តិការលើថាមពលកកើតថ្មៅ និងសម្រួលការអនុម័តអាជីវកម្ម ។
គួររំឭកថា កាលពីខែមករាកន្លងទៅ ប្រទេសទាំង ២ បានយល់ព្រមអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅរដ្ឋភាគខាងត្បូង Johor ប្រទេសម៉ាឡេស៊ី ស្ថិតនៅតំបន់ភាគខាងជើងសិង្ហបុរី ដោយមានគោលដៅទាក់ទាញការវិនិយោគ និងប្រើប្រាស់ចរន្តទំនិញ និងមនុស្ស ៕
