
ប្រជាជនអាល់ហ្សេរី រាប់សិបនាក់ ស្លៀកសម្លៀកបំពាក់ប្រពៃណី បានជិះសេះ និងបាញ់រំសេវដោយប្រើ កាំភ្លើងដៃ ដើម្បីប្រារព្ធខួបលើកទី៦១ នៃការប្រកាសឯករាជ្យថ្ងៃទី៥ ខែកក្កដា ឆ្នាំ ១៩៦២ ដែលបានបញ្ចប់ការគ្រប់គ្រងរបស់បារាំង។ អ្នកជិះសេះ នៅក្នុងកម្មវិធី បាននិយាយថា ការអនុវត្តន៍របស់ពួកគេ បង្ហាញនិមិត្តរូបសកម្មភាពចលនាតស៊ូរបស់ប្រទេសអាល់ហ្សេរី ហើយត្រូវបានគេចាត់ទុកថាជា «ទំនៀមទម្លាប់និងប្រពៃណីរបស់អាល់ហ្សេរី តាំងពីបុរាណកាលមក» ។

ក្នុងចំណោមអ្នកចូលរួម ក៏មានស្ត្រី និងក្មេងស្រី ដូចជាក្មេងស្រី ឈ្មោះ អារី បេនថាបេត អាយុត្រឹមតែ១២ឆ្នាំ ដែលឪពុករបស់នាងជាម្ចាស់ក្លឹបជិះសេះ។ នាង និយាយថា គ្រួសាររបស់នាង បានគាំទ្រនាងឱ្យជិះសេះ ហើយនាង មិនដែលបោះបង់វាចោលម្តងណាឡើយ។
ឪពុករបស់ក្មេងស្រី ដែលឈរក្បែរកូនស្រីរបស់លោក នៅពេលនាងត្រៀមខ្លួនសម្រាប់ការសម្តែង បាននិយាយថា មនុស្សជាច្រើន គិតថាវាជារឿងមួយចម្លែក ដែលកូនស្រីរបស់លោក ជិះសេះបានលឿន ហើយប្រើកាំភ្លើងដៃបាញ់រំសេវ ប៉ុន្តែវាជារឿងធម្មតា វាជាមរតក។ ស្ត្រីរបស់យើង ធ្លាប់បាញ់កាំភ្លើងដៃបាញ់រំសេវ ក្នុងអំឡុងសង្គ្រាមរំដោះ។

ស្ត្រីមានតួនាទីសំខាន់ ហើយកូនស្រីរបស់លោកស្រឡាញ់ការធ្វើបែបនេះ លោកគាំទ្រនាង។
យោងតាមអ្នកប្រវត្តិសាស្ត្រ បានឲ្យដឹងថា ប្រទេសអាល់ហ្សេរី បានរស់នៅក្រោមការគ្រប់គ្រងរបស់ប្រទេសបារាំង រយៈពេល១៣២ឆ្នាំ រហូតដល់ប្រទេសនេះទទួលបានសង្រ្គាមឯករាជ្យនៅឆ្នាំ១៩៦២។ នៅចន្លោះឆ្នាំ១៩៥៤ និងឆ្នាំ១៩៦២ ប្រទេសបារាំង បានធ្វើសង្រ្គាមប្រឆាំងចលនាឯករាជ្យ ក្នុងអាណានិគមរបស់ខ្លួន។ ប្រជាជនអាល់ហ្សេរី រាប់សែននាក់ត្រូវបានសម្លាប់ ហើយកងកម្លាំងបារាំង និងអ្នកតំណាងរបស់ពួកគេ បានប្រើទារុណកម្មប្រឆាំងសត្រូវ។