បាត់ដំបង ៖ ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ដឹកជញ្ជូននៅជនបទ មានសារៈសំខាន់បំផុត ក្នុងការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចនៅតំបន់ជនបទ ដើម្បីកាត់បន្ថយគម្លាតរវាងតំបន់ជនបទនិងទីក្រុង។
ជុំវិញការអភិវឌ្ឍផ្លូវជនបទ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងផ្ដោតការយកចិត្តទុកដាក់ យ៉ាងខ្លាំង លើការស្ថាបនាជាពិសេសផ្លូវជនបទ ដោយក្នុងនោះបានបានគិតគូរពីភាពធន់នឹងការប្រែប្រួលអាកាសធាតុរួមមាន៖ ផ្លូវ កម្រាលដីស ផ្លូវកម្រាលល្បាយក្រួស និងផ្លូវកៅស៊ូពីរជាន់ ឬក្រាលបេតុង ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ, ចំណេញពេលវេលា, កាត់បន្ថយការចំណាយលើការដឹកជញ្ជូនសម្ភារ ឬផលិតផលផ្សេងៗទៅកាន់ទីផ្សារ និងងាយស្រួលក្នុងការទទួល បាននូវសេវាសាធារណៈ។
ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី ៩-១០ ខែ កក្កដា ឆ្នាំ ២០២៤ នេះ បានដឹកនាំក្រុមការងារអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើ ការងារស្ថាបនាផ្លូវចំនួន ៤ គម្រោងរួមមាន៖ គម្រោងទី១, ការងារស្ថាបនាផ្លូវចំនួន ១ខ្សែ មាន ៣ កំណាត់ ប្រវែងសរុប ៣ ៩០០ម៉ែត្រ (កំណាត់ក្រាល DBST ប្រវែង ១ ៩០០ ម៉ែត្រ ទទឹង ៧ ម៉ែត្រ, កំណាត់ក្រាលបេតុង ប្រវែង ៤០០ ម៉ែត្រ ទទឹង ៧ ម៉ែត្រ និងកំណាត់ ក្រាលដីល្បាយថ្មភ្នំ ប្រវែង ១ ៦០០ ម៉ែត្រ ទទឹង ៩ ម៉ែត្រ) និងសាងសង់លូមូលចំនួន ៧កន្លែង ស្ថិតនៅភូមិឥន្ទជិត ឃុំឈើទាល ស្រុក បាណន់ ខេត្តបាត់ដំបង ។
ចំណែកគម្រោងទី២, ការងារស្ថាបនាផ្លូវក្រាលដីល្បាយត្រួសចំនួន ១ខ្សែ ប្រវែង ៨ ០០០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ ចាប់ពីភូមិ ម៉ាខ្លឿ និងភូមិបឹងជុំនាង ឃុំព្រៃខ្ពស់ ទៅភូមិអូរឬស្សី ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ។ គម្រោងទី៣, ស្ថាបនាផ្លូវក្រាលដី ល្បាយក្រួសចំនួន ១ខ្សែ ប្រវែង ៤ ០០០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ ពីភូមិក្បាលស្ពាន ភូមិល្វាចាស់ និងភូមិតានី ឃុំល្វា ទៅភូមិក្រពើ សែសិប ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង, ផ្លូវទាំងអស់នោះសាងសង់លូ និងដាក់ផ្លាកឈ្មោះផ្លូវផងដែរ ។ ចំណែកគម្រោងទី៤, ការស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ១ខ្សែ ប្រវែង ៣ ៤០០ ម៉ែត្រ ទទឹង ៧ ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយថ្មភ្នំ មាន សាងសង់លូ និងដាក់ផ្លាកឈ្មោះផ្លូវ ស្ថិតនៅភូមិត្រាំកង់ ភូមិធ្លក ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប គម្រោងទាំងអស់នេះ អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ។
ជុំវិញការស្ថាបនាផ្លូវនិងលូខាងលើនេះ, ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងស្ថាបនា របស់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ សម្រេចបានតាមផែនការ និងប្រកបដោយគុណភាព ព្រោះការស្ថាបនា ការស្តារ ការថែទាំ ក៏ដូចជាការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត គឺជាការវិនិយោគដ៏ចាំបាច់ ដើម្បីសម្រួលដល់គមនាគមន៍ និងការផ្តល់សេវា សាធារណៈផ្សេងៗជូនដល់ប្រជាជនគ្រប់ទិសទីនៅទូទាំងប្រទេស ដែលជាចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងកាត់ បន្ថយភាពក្រីករបស់ប្រជាពលរដ្ឋនៅជនបទ។
សូមបញ្ជាក់ថា បន្ទាប់ពីចុះពិនិត្យគម្រោងផ្លូវនិងលូខាងលើរួច, ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល និងក្រុមការងារអន្តរក្រសួង ចុះជួប សំណេះសំណាល ជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលជាអ្នកទទួលផលពីការស្ថាបនាផ្លូវខាងលើ ដោយក្នុងពិធីនោះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែទាំផ្លូវ និងលូក្នុងមូលដ្ឋាន របស់ពួកគាត់ឱ្យបានគង់វង់យូរអង្វែង សម្រាប់ជាប្រយោជន៍សាធារណៈ ជាពិសេសសម្រាប់ពួកគាត់ទាំងអស់គ្នា។ ក្នុងពិធីសំណេះ សំណាលនេះដែរ ឯកឧត្តម ក៏បាននាំយកអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តមរដ្ឋមន្ត្រី ចែកជូនប្រជាពលរដ្ឋ ដោយក្នុងមួយគ្រួសារ ទទួលបានក្រម៉ាចំនួន ១ ផងដែរ៕
អត្ថបទ៖ សុន រ៉ាឌី










