លោកប្រធានាធិបតី Yoon Suk Yeol បានប្តេជ្ញាថា នឹងពង្រឹងការត្រៀមខ្លួនការពារជាតិរួមគ្នារបស់កូរ៉េខាងត្បូងជាមួយសហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់ការគំរាមកំហែងដែលកំពុងកើនឡើងរបស់កូរ៉េខាងជើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ទីបញ្ជាការឥណ្ឌូ-ប៉ាស៊ីហ្វិក នៅកោះហាវ៉ៃ កាលពីថ្ងៃអង្គារ។
លោក Yoon បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេលជំនួបរបស់ខ្លួន ជាមួយលោកឧត្តមនាវីឯក Samuel Paparo មេបញ្ជាការបញ្ជាការដ្ឋានឥណ្ឌូ-ប៉ាស៊ីហ្វិក និងឧត្តមសេនីយ៍ Paul LaCamera មេបញ្ជាការកងកម្លាំងសហរដ្ឋអាមេរិកកូរ៉េ និងមេដឹកនាំយោធាសហរដ្ឋអាមេរិកផ្សេងទៀត។
លោក បានបញ្ជាក់ថា៖«សមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីលដែលកំពុងវិវឌ្ឍន៍របស់កូរ៉េខាងជើង និងការបង្កហេតុជាបន្ត កំពុងគំរាមកំហែងដល់សន្តិសុខនៅលើឧបទ្វីបកូរ៉េ និងក្នុងតំបន់។ ការត្រៀមខ្លួនការពាររួមគ្នាដ៏រឹងមាំ គឺមានសារៈសំខាន់ជាងពេលណាទាំងអស់» ដោយសង្កត់ធ្ងន់លើតួនាទីរបស់ទីបញ្ជាការ ក្នុងសន្តិសុខក្នុងតំបន់។
លោកប្រធានាធិបតី Yoon បានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងចំណោមសម្ព័ន្ធមិត្ត និងដៃគូ ដើម្បីដោះស្រាយការគំរាមកំហែងផ្នែកសន្តិសុខដែលកំពុងកើនឡើងរបស់កូរ៉េខាងជើងបន្ទាប់ពីការចុះហត្ថលេខាលើសន្ធិសញ្ញាការពារទៅវិញទៅមកជាមួយរុស្ស៊ី កាលពីខែមុននេះ។