អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយនៅថ្ងៃពុធនេះថា រុស្ស៊ី នឹងឆ្លើយតបបើសិនជាអង់គ្លេស អនុញ្ញាតឲ្យអ៊ុយក្រែនវាយប្រហាររុស្ស៊ីដោយប្រើប្រាស់អាវុធរបស់ពួកគេ ។
កាសែត Bloomberg រាយការណ៍ថា នាយករដ្ឋមន្រ្តីជាប់ឆ្នោតថ្មីរបស់អង់គ្លេសលោក Keir Starmer បានផ្តល់សញ្ញាថា អ៊ុយក្រែន អាចប្រើប្រាស់មីស៊ីល Storm Shadow របស់អង់គ្លេស ដើម្បីវាយប្រហារលើគោលដៅយោធានៅក្នុងប្រទេសរុស្ស៊ី ។
លោក Peskov និយាយថា នេះគឺជាជំហានដ៏ធ្ងន់ធ្ងរគ្មានទំនួលខុសត្រូវ ។ អ្នកនាំពាក្យរូបនេះ បន្តទៀតថា យោធារុស្ស៊ីនៅធ្វើការដើម្បីបង្កើតតំបន់ទ្រនាប់នៅតំបន់ Kharkiv របស់អ៊ុយក្រែន ប៉ុន្តែការងារនេះ ត្រូវការចំណាយពេលយូរ ។
គួរឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយកាលពីខែឧសភាថា ទីក្រុងម៉ូស្គូ កំពុងបង្កើតតំបន់ទ្រនាប់ ដើម្បីការពារតំបន់ព្រំដែនរបស់ខ្លួនពីការវាយប្រហាររបស់អ៊ុយក្រែន ៕