កងទ័ពអាកាសហ្វីលីពីន បានទៅដល់ភាគខាងជើងប្រទេសអូស្ត្រាលីហើយ នៅថ្ងៃពុធ (ទី១០ ខែកក្កដា) នេះ ពាក់ព័ន្ធនឹងការដាក់ពង្រាយនៅក្រៅប្រទេសជាលើកដំបូងរបស់ខ្លួន ក្នុងរយៈពេល ៦ទសវត្សរ៍ ដើម្បីចូលលរួមធ្វើសមយុទ្ធជាមួយកងទ័ពសហរដ្ឋអាមេរិក និងអូស្ត្រាលី ចំពេលមានភាពតានតឹងជាមួយចិន នៅក្នុងសមុទ្រចិនខាងត្បូង។
យន្តហោះចម្បាំងហ្វីលីពីន FA-50 ចំនួន ៤គ្រឿង និងបុគ្គលិកចំនួន ១៦២នាក់ កំពុងចូលរួមក្នុងសមយុទ្ធឈ្មោះ «Pitch Black» នៅលើដែនដីភាគខាងជើងដែលគ្មានមនុស្សរស់នៅរបស់អូស្ត្រាលី ដោយមានការចូលរួមពីប្រទេសចំនួន២០ និងយន្តហោះ ១៤០គ្រឿង។
មន្ត្រីជាន់ខ្ពស់របស់កងទ័ពអាកាសអូស្ត្រាលី (RAAF) គឺឧត្តមនាវីត្រី លោក Pete Robinson បានប្រាប់សារព័ត៌មាន Reuters ថា៖ «នេះជាលើកដំបូងដែលពួកគេបានយកយន្តហោះចម្បាំងរបស់ពួកគេមកកាន់បរទេស គិតចាប់តាំងពីឆ្នាំ១៩៦៣ មក ដូច្នេះ នេះគឺជាកិត្តិយសដ៏ធំធេង សម្រាប់អូស្ត្រាលីដែលត្រូវបានជ្រើសរើសជាទីតាំងដំបូង សម្រាប់ការដាក់ពង្រាយនេះ»។
លោក Robinson បានបន្ថែមថា ដែនដីភាគខាងជើងផ្តល់ឲ្យយើងនូវ «ដែនអាកាសដ៏ធំទូលាយ» ដែលជួយជំរុញដល់សមត្ថភាពលំហាត់សម រាប់ចាប់ពីសុនខប្រយុទ្ធ រហូតដល់ការប្រើប្រាស់ប្រព័ន្ធរ៉ាដា និងមីស៊ីល ដើម្បីប្រយុទ្ធជាមួយបច្ចាមិត្តឲ្យហួសពីចម្ងាយដែលមើលអាចឃើញ។
លោកបានប្រាប់ទៀតថា៖ «យន្តហោះចម្បាំងហ្វីលីពីន នឹងចូលរួមធ្វើការជាមួយកងកម្លាំងអាកាសផ្សេងទៀត ដើម្បីដោះស្រាយបញ្ហាស្មុគស្មាញមួយចំនួន ប្រឆាំងនឹងសត្រូវក្លែងបន្លំ និងការគំរាមកំហែងពីដី។ ហើយយន្តហោះចម្បាំងបំបាំងកាយ F-22 របស់អាមេរិក និង F-35A និង F-18 របស់អូស្ត្រាលី ស្ថិតក្នុងចំណោមយន្តហោះប្រយុទ្ធដែលចូលរួមក្នុងសមយុទ្ធនេះ»៕